ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ អ្នកបេីកបរក្រោមឥទ្ធិពលគ្រឿងញៀន និងអ្នកពាក់ព័ន្ធករណីគ្រឿងញៀនចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឆ្មក់បង្រ្កាបតាមដងផ្លូវឃាត់ខ្លួនអនុវត្តតាមច្បាប់ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ក្នុងមូលដ្ឋានខេត្ត។
ប្រភពដដែលបន្តថា ដោយអនុវត្តជាប់ជាប្រចាំនូវយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមាន លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សម្របសម្រួលលើនីតិវិធី និងមានការចូលរួមពីលោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងផងនោះបានចុះអនុវត្តត្រួតពិនិត្យធ្វើតេស្តស្វែងរកសារ ធាតុញៀនលើអ្នកបើកបរតាមដងផ្លូវពេលយប់ បង្ការទប់ស្កាត់ បទល្មើសគ្រឿងញៀន និងក្រុមក្មេងទំនើង ដើរលេងពេលយប់ ដែលបង្កចលាចល អសន្តិសុខ ក្នុងភូមិសាស្រ្តភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះបានត្រួតពិនិត្យលើ ៖
-រថយន្តចំនួន ២គ្រឿង មនុស្ស៩នាក់ស្រី០០នាក់ និងម៉ូតូ ៨៥គ្រឿង មនុស្ស ១១០នាក់ស្រី០០នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមលើអ្នកបើកបរបានចំនួន ៩៦នាក់ស្រី០០នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ (ប្រុស) ជាអ្នកបើកបរម៉ូតូនិង និងរកឃើញជនសង្ស័យរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២នាក់ (ប្រុស)និងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕