ការសម្តែងល្ខោនខោល ទទួលបានការចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ទស្សនីយភាពល្ខោនខោលរឿងរាមកេរ្តិ៍ឈុត «ថលតយ័ន្ត» ដែលសម្តែងដោយសិស្ស សិល្បករ និងសាសស្ត្រាចារ្យនៃសាលាមធ្យមវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះ បានទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនរហូតមិនមានកន្លែងសម្រាប់អង្គុយ។

...

កម្មវិធីនេះមានការចូលរួមពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ និងតំណាងក្រុមហ៊ុនជាច្រើនដែលបានឧបត្ថម្ភដល់កម្មវិធីនេះឲ្យដំណើរការឡើង។

យ៉ាងហោចណាស់មានអ្នកទស្សនាច្រើនជាងមួយពាន់នាក់បានបញ្ជ្រៀតគ្នាចូលទស្សនាល្ខោនខោលដែលជាការសម្តែងដោយកម្រ ។ ក្រុមយុវជនដែលបានចូលទស្សនាបានបង្ហាញពីអារម្មណ៍រំភើបរីករាយរបស់ពួកគេក្នុងការចូលរួមចំណែកថែរក្សារការពារ និងលើកទឹកចិត្តដល់សិល្បករផ្នែកល្ខោនខោល។ ការសម្តែងបើកឆាកដោយរបាំជូនពរពីសំណាក់សិស្សសាលាមធ្យមវិចិត្រសិល្បៈ ។ ការសម្តែងល្ខោនខោលរឿងរាមកេរ្តិ៍ឈុត «ថលតយ័ន្ត» បានធ្វើឲ្យអ្នកទស្សនានៅក្នុងសាល និងអ្នកទស្សនានៅខាងក្រៅសាលដោយការបញ្ចាំងបន្តផ្ទាល់ពីក្នុងសាលនាំគ្នាទះដៃកងរំពងជាមួយនឹងក្តីរំភើបដោយមោទនភាព និងការស្វាគមក្រុមសិល្បករ។

លោក សួរ គឹមហេង ជាសិល្បករ និងជាគ្រូបង្ហាត់ផ្នែកល្ខោនខោលនៃសាលាមធ្យមវិចិត្រសិល្បៈ លោកបានថ្លែងថា ការបង្កើតឲ្យមានកម្មវិធីសម្តែងនេះឡើងគឺលោក និងសាស្ត្រាចារ្យនៅទីនេះចង់បង្ហាញឲ្យមហាជនបានស្គាល់អំពីទស្សនីយភាពសិល្បៈរបស់ខ្មែរដ៏មានវ័យចំណាស់ស្ទើរតែបាត់បង់នោះគឺល្ខោនខោល ហើយក៏ចង់ឲ្យមហាជនងាកមកចាប់អារម្មណ៍លើល្ខោនខោល ហើយក៏ចង់ឲ្យល្ខោនមួយនេះមានប្រជាប្រិយដូចបណ្តាទម្រង់សិល្បៈដទៃដែរ។

លោកបន្តថា ការជ្រើសរើសទីតាំងនេះដើម្បីរៀបចំកម្មវិធីព្រោះតែទីនេះគឺជាថ្នាលសម្រាប់បណ្តុះសិល្បករ ហើយចង់ឲ្យមហាជនដឹងដែរថា តើទីនេះគឺនៅទីណា? និងមានការបណ្តុះបណ្តាលអ្វីខ្លះដល់ក្មេងៗជំនាន់ក្រោយ?។ លោកបញ្ជាក់ដោយក្តីព្រួយបារម្ភថា ដោយសារល្ខោនខោលមិនត្រូវបាកគេនិយមលេងនៅក្នុងកម្មវិធីផ្សេងគឺនាំឲ្យសិស្សដែលចាប់យកជំនាញនេះមានតិចតួច ហើយពួកគេបាក់ទឹកចិត្តព្រោះតែមិនមានការគាំទ្រខ្លាំង ប៉ុន្តែតាមរយៈកម្មវិធីនេះលោករំពឹងថា ទម្រង់សិល្បៈល្ខោនខោលនឹងមានការចាប់អារម្មណ៍ឡើងវិញខ្លះៗមហាជន។ លោកមិនទាន់ប្រាកដនៅឡើយទេថា នឹងមានព្រឹត្តិការណ៍សម្តែងស្រដៀងគ្នានេះកើតមាននៅពេលណាបន្តទៀតនៅឡើយ ប៉ុន្តែប្រសិនបើការគាំទ្រច្រើនដូចនេះលោក និងក្រុមការងារសាស្ត្រាចារ្យ នឹងគិតថាឱកាសណាដែលសមរម្ភក្នុងការបង្កើតឲ្យមានទស្សនីយភាពនេះបន្តទៀត។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងបាងកក កំពុងតែរៀបចំដាក់បញ្ចូលរបាំល្ខោនពាក់របាំងមុខ ឬល្ខោនខោល (Khon Masked Dance) ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ។ ការដាក់បញ្ចូលនេះបានធ្វើឲ្យមហាជននៅកម្ពុជាប្រតិកម្មខ្លាំង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជាបានចេញសេចក្តីជូនព័ត៌មានមួយបន្ទាប់ពីមានប្រតិកម្ម និងការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែររឿងប្រទេសថៃគ្រោងស្នើដាក់ល្ខោនខោលជាបេតិកភណ្ឌពិភពលោក ។

ក្រសួងបានចេញសេចក្តីថ្លែងការថា កាលពីខែមីនា ឆ្នាំ២០១៥ ក្រសួងបានបញ្ជូនឯកសារចាប៉ីដងវែង ដែលបានរៀបចំចប់សព្វគ្រប់ទៅអង្គការយូណេស្កូ ហើយក៏កំពុងសិក្សាចងក្រងឯកសារដែលជាអាទិភាពបន្តទៀតដូចជា ក្បាច់គុនល្បុក្កតោ ភ្លេងអារក្ស និង ល្ខោនខោល ដើម្បីស្នើចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំខាងមុខ ។ ក្រសួងបន្តថា រាល់ការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកឬបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្តី គឺត្រូវអនុវត្តតាមគោលការណ៍ច្បាប់ និងនីតិវិធីចំបាច់ដែលអង្គការយូណេស្កូ តម្រូវឲ្យគ្រប់ជនជាតិ និងគ្រប់ប្រទេសលើពិភពលោក ពុំមែនធ្វើតាមតែការប្រកាសការនឹកឃើញ ឬតាមអារម្មណ៍រំភើបរបស់អ្នកណាមួយ ឬប្រទេសណាមួយនោះឡើយ ។ ក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំធ្វើ និងកំពុងធ្វើអស់ពីលទ្ធភាព និងតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន ក្នុងបំណងដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ៕

IMG_3691

IMG_3609

IMG_3616

IMG_3627

IMG_3643

IMG_3661

IMG_3685

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print