ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ហើយជាមួយគ្នានេះរោងចក្រនឹងបន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ។ នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី ០៣ មករា ឆ្នាំ២០២៣ ខណៈលោកចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសហគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិតុង។
លោកសួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD បានសម្តែងនូវភាពរីករាយចំពោះប្រសាសន៍របស់ លោករដ្ឋមន្រ្តី ហើយលោកនឹងចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថានដែរ ជាពិសេសលោកបានថ្លែងអំណរគុណចំពោះ លោក រដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តី កង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និង ទទួលបាននូវផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា៕
ដោយ ៖ សហការី