ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងបញ្ជាក់អំពីគោលបំណងនៃការធ្វើសវនកម្មផ្ទៃក្នុង គឺផ្តោតលើគោលការណ៍សំខាន់៣គឺ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាបាននូវប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរការដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ធនធានរបស់អង្គភាព។
ការថ្លែងបែបនេះរបស់លោកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរង តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ និងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីការពារប្រមុខថ្នាក់ដឹកនាំ ការពារសន្តិសុខសណ្តាប់ធ្នាប់ បង្រ្កាបបទល្មើសផ្សេងៗ ជាពិសេសបង្ក្រាបជនដែលបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន។
លោកអគ្គនាយក បានបន្តទៀតថា ដោយមានការបញ្ជាដឹកនាំដ៏មានឆន្ទៈ របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អតីត អគ្គស្នងការដ្ឋាននគរបាលជាតិ និងបន្ថែមលើការពង្រឹងប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងបន្តទៀតរបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការបន្តវេន ព្រមទាំងការខិតខំរបស់ថ្នាក់ដឹកនាំ អគ្គស្នងការរង ប្រធាននាយកដ្ឋាន កងកម្លាំងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានពាំនាំអនុសាន៍ផ្តាំផ្ញើរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវប្រកាន់ភ្ជាប់អភិក្រមទាំង៣គឺ៣កុំ ៣គួរ និងគប្បី១៖
៣កុំ៖ កុំឈ្លោះគ្នា,កុំប៉ែងជើងគ្នា,កុំច្រណែនគ្នា
៣គួរ៖ គួរស្រលាញ់គ្នា,គួរជ្រោមជ្រែងគ្នា,គួរសាទរគ្នា
គប្បី១៖គួរឱបដើមឈើក្រសួងមហាផ្ទៃឱ្យបានជោគជ័យ៕ដោយ៖តារា