ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសជាប្តី បានដេញវាយរហូតដល់ផ្ទះបងប្អូន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិគុយ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ប្តីដែលជាជនដៃដល់មានឈ្មោះ សួង វុធ អាយុ៤៥ឆ្នាំ រស់ ចំណែកឯកប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ បូ ភ័ណ្ឌ អាយុ៤៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទាំងពីរនាក់ប្តីប្រពន្ធនេះ រស់នៅនៅភូមិគុយ ឃុំដា ស្រុកកំពង់លែង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធនេះបានផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹង ប្តីប្រាប់ថា ប្រញាប់ទៅផ្ទះ ដាំបាយទឹកស៊ី ព្រោះប្រញាប់ទៅធ្វើការឲ្យគេ ក្រោយពីប្រាប់ហើយប្តីបានដើរមកផ្ទះមុន ចំណែកឯប្រពន្ធមកតាមក្រោយហើយចូលទិញម្ហូប រៀងយូរបន្តិច ។ ដោយឡែកប្តីដែលមកដល់ផ្ទះមុនចាំប្រពន្ធបាត់មិនឃើញមកយូរទៅៗ ក៏កើតខឹងក្តៅក្រហាយ។ លុះដល់ប្រពន្ធមកដល់ផ្ទះក៏បង្កជម្លោះឈ្លោះប្រកែកគ្នាទៅវិញទៅមក ឃើញដូចនេះប្រពន្ធទំនងជាខ្លាចប្តីក៏រត់ទៅផ្ទះបងប្អូនក្បែរឲ្យជួយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលដែលប្រពន្ធរត់គេច ប្តីក៏តាមពីក្រោយក៏ចាប់បោចសក់ វាយមួយដៃចំកញ្ចឹងក បោកក្បាលទៅនឹងជ្រុងគ្រែបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់ កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ចន្ថា