សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

ចែករំលែក៖

ខេត្តសៀមរាប ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា ។ នេះជាការបញ្ជាក់ពីខាង មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

មន្ទីរព័ត៌មាន ខេត្តសៀមរាប បានអោយដឹងថា ៖ វត្ថុសិល្បៈក្វាត ដែលជាប្រភេទត្បូង ចំនួន ៦.៩៥៦គ្រាប់ ដែលក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ នឹងត្រូវដាក់តាំងបង្ហាញដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប។

លោក គុន ផល្លី មគ្គុទ្ទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឲ្យដឹងថា វត្ថុសិល្បៈបុរាណក្វាតទាំង ៦.៩៥៦គ្រាប់ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះមានបីប្រភេទ គឺពណ៌ស្វាយ កែវណាំហ្វាន (Amethyst) ពណ៌លឿង ស៊ីទ្រីន (Citine) និងពណ៌សថ្លា គ្រីស្តាល់ (Crystal)។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។

លោក គុន ផល្លី បានឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរផង។ ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕      

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print