ភ្នំពេញ ៖ បណ្ឌិតសភានគរបាលកម្ពុជានឹងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៤ – ២០២៨ ដើម្បីមេត្រីភាពបរិស្ថាន និងចូលរួមផ្សព្វផ្សាយភាពស្អាត ភាពបៃតង និងចីរភាពដល់មន្រ្តីនគរបាលយុត្តិធម៌ តាមរយៈការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងបណ្ឌិតសភានគរបាលកម្ពុជា (MoU)។ ការថ្លែងឡើងរបស់ លោក នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជាយ៉ាងដូច្នេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
ស្របនឹងការថ្លែងឡើងនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណ និងសម្តែងនូវការសាទរចំពោះសមានចិត្តរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជាក្នុងការរួមចំណែកនៃភាពស្អាត ភាពបៃតង និងចីរភាព ដែលជាគោលដៅអាទិភាពរបស់ក្រសួង ហើយគោលដៅអាទិភាពនេះ គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា៕