ទីភ្នាក់ងារបារំាងសម្រាប់អភិវឌ្ឍន៍ និងប្រទេសកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេដង

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានចំនួនបីសម្រាប់​​វិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក គឺចំនួន ២១៥លានអឺរ៉ូ (ប្រមាណ២៣៥លានដុល្លារ)។ ការចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុងប៉ារីស៍ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា។  

ចាប់តាំងពីការបើកដំណើរការនៅកម្ពុជានៅឆ្នាំ១៩៩៣មក ទីភ្នាក់ងារAFD បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ រាប់បញ្ចូលទាំងហិរញ្ញប្បទានថ្មីៗផ្តល់ជូនសម្រាប់ឆ្នាំ២០២៣។  ហិរញ្ញប្បទានសម្បទានទាំងបីខាងលើបង្ហាញឱ្យឃើញពីការបង្កើនហិរញ្ញប្បទានប្រចាំឆ្នាំរបស់ទីភ្នាក់ងារ AFD ដល់ប្រទេសកម្ពុជា ហើយឆ្លុះបញ្ចាំងពីគុណភាពនៃចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ហិរញ្ញប្បទានទាំងនេះនឹងជួយទ្រទ្រង់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានលក្ខណៈលូតលាស់ប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងវិស័យអាទិភាពចំនួនបី ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ក្នុងវិស័យទឹកស្អាត ហិរញ្ញប្បទានរបស់ទីភ្នាក់ងារ AFD ចំនួន១២០លានអឺរ៉ូ (ប្រមាណ១៣១លានដុល្លារ) នឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមដំណាក់កាលទី៣នៃរោងចក្រចម្រោះទឹកស្អាតបាក់ខែង ដែលគ្រប់គ្រងដោយ​  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាមួយសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុប៦០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះនឹងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាស្ថានីយ៍កម្រិតពិភពលោកមួយផងដែរ លើផ្នែកគុណភាពនៃសំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និង គុណភាពទឹកដែលត្រូវបានផលិត។ សមត្ថភាពនេះនឹងឆ្លើយតបជាមួយតម្រូវការប្រើប្រាស់ទឹកស្អាតការដែលចេះតែកើនឡើងជាលំដាប់របស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសនានានៅរាជធានីភ្នំពេញ និងតាមតំបន់ជាយ​រាជធានី។ ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់ទីភ្នាក់ងារ AFD ដែលមានចំនួន៨០លានអឺរ៉ូ គ្រោងធ្វើឡើងសម្រាប់ឆ្នាំ២០២៤ ដើម្បីបង្កើន ជួសជុល និងពង្រីកបណ្តាញបញ្ជូន និងចែកចាយទឹកស្អាត។ ជាងនេះទៅទៀត ជំនួយឥតសំណងរបស់គណៈកម្មការអឺរ៉ុបកំពុងត្រូវបានពិនិត្យ និងអនុម័តនៅឆ្នាំ២០២៤ ក្នុងគោលដៅបំពេញបន្ថែមហិរញ្ញប្បទាននេះ ដោយពង្រឹងការគិតគូរដល់ផលប៉ះពាល់លើសង្គម និងបរិស្ថាន រួមទាំងនិរន្តភាពនៃការវិនិយោគផងដែរ។ គម្រោងរបស់ក្រុមអឺរ៉ុប គឺស្ថិតក្នុងចំណោមគម្រោងចម្បងៗនៃក្របខ័ណ្ឌ Global Gateway របស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ដែលនឹងប្រកាសនៅឆ្នាំ២០២៤។  

ក្នុងវិស័យថាមពល ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់ AFD ចំនួន៧០លានអឺរ៉ូ (ប្រមាណ៧៨លានដុល្លារ) នឹងអនុញ្ញាតឱ្យអគ្គិសនីកម្ពុជាបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពបណ្តាញបញ្ជូនអគ្គិសនី តាមរយៈការដាក់ពង្រាយអនុស្ថានីយ៍ឌីជីថលទីមួយនៅកម្ពុជា។ ស្របតាមគោលដៅជាតិក្នុងការបង្កើនការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញឱ្យបាន៧០%ក្នុងឆ្នាំ២០៣០ គម្រោងនេះនឹងធ្វើឲ្យអគ្គិសនីកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការស្តុកថាមពល (៧៥មេហ្កាវ៉ាត់ម៉ោង គឺស្ថិតក្នុងចំណោមសមត្ថភាពស្តិកថាមពលខ្ពស់បំផុតក្នុងតំបន់) ដើម្បីពន្លឿនសមាហរណកម្មប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ ក្នុងន័យនេះ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជានឹងកាន់តែការពារបរិស្ថាន និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។  

 ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់ទីភ្នាក់ងារ AFD ចំនូន២៥លានអឺរ៉ូ (២៧លានដុល្លារ) ដែលបន្ថែមលើប្រាក់៨០លានដុល្លារផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី នឹងអនុញ្ញាតឱ្យមានការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់មួយ  តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​ជួយអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ការបែ្រក្លាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ការផ្តល់ហិញ្ញប្បទាននេះនឹងជួយដល់ការបណ្តុះបណ្តាល ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានការងារនៅពេលអនាគត ជាពិសេសក្នុងវិស័យការងារបៃតង និងមុខអាជីពឌីជីថល ក្នុងក្របខ័ណ្ឌនៃគម្រោង Global Gatway របស់សហភាពអឺរ៉ុបនៅកម្ពុជាដែលមានឈ្មោះថា «ភាពជាដៃគូដើម្បីការអប់រំសម្រាប់ការងារបៃតង និងឌីជីថល»។  

ក្នុងពិធីចុះហត្ថលេខាខាងលើ​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឆ្លៀតឱកាសគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីប្រកបដោយចីរភាព និងរឹងមាំ ធ្វើឡើងដោយទីភ្នាក់ងារ AFD ជាច្រើនឆ្នាំកន្លងមក។ ក្នុងពេលដែលប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូងៗនៃការអភិវឌ្ឍ យើងកំពុងស្ថិតលើមាគ៌ាមួយដ៏ល្អប្រសើរ ដើម្បីធ្វើការលើវិស័យផ្គត់ផ្គង់ទឹកស្អាត ថាមពល និងការអភិវឌ្ឍមនុស្ស បញ្ហាប្រឈមនៃការអភិវឌ្ឍអាចត្រូវបានដោះស្រាយ ដើម្បីផ្តល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់យើង។ ដោយមានការគាំទ្ររឹងមាំពីទីភ្នាក់ងារ AFD សេដ្ឋកិច្ចកម្ពុជាកំពុងត្រូវបានពង្រឹង បានឆ្លងកាត់បញ្ហាប្រឈមសាកល ហើយបន្តឆ្ពោះទៅមុខដើម្បីសម្រេចបានជោគជ័យថ្មីៗទៀត ឯកឧត្តមបន្ថែមថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យអាទិភាពនៃការអភិវឌ្ឍ ជាពិសេសឧស្សាហកម្មនុវានុវត្តន៍ ឌីជីថល និងបច្ចេកវិទ្យាខ្ពស់ ដែលតម្រូវឱ្យមានការបង្កើតថ្មី ឬការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយទាក់ទាញការវិនិយោគពីវិស័យឯកជននៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់កម្ពុជា។  កម្ពុជាចង់ឃើញកិច្ចសហការថ្មីៗលេចចេញជារូបរាងឡើង ដើម្បីបង្កើតបរិស្ថានជីវិតមួយដ៏ខ្លាំងក្លារឹងមាំ និងប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋ។

ចំណែកលោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នាក់ងារ AFD បានប្រកាសថា ក្នុងឱកាសនៃខួប៣០ឆ្នំារបស់ទីភ្នាក់ងារ AFD នៅកម្ពុជា គម្រោងទាំងបីនេះគឺជាដំណាក់កាលថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដោយឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់ទីភ្នាក់ងារ AFD ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា ដើម្បីគំាទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមានភាពធន់ជាមួយអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ នៅឆ្នាំ២០២៤ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍នឹងបន្តសកម្មភាពរបស់ខ្លួននៅក្នុងវិស័យថាមពល ទឹក ទឹកស្អាត ធនធានមនុស្ស និងការអភិវឌ្ឍជនបទ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ Hing Sopheaklinda: +85517303080

ទីភ្នាក់ងារ AFD NASLIN Jean-Edouard: [email protected] / DOLLFUS Emmanuel: [email protected]

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print