ភ្នំពេញ ៖ ប្លែកៗ ! បើកឡានបុកជនរងគ្រោះបណ្តាលឱ្យរបួស រួចជួយយកអាសារដឹកបញ្ជូនទៅគ្លីនិក ចុងក្រោយយកទ្រព្យសម្បត្តិជនរងគ្រោះ បើកឡានគេចខ្លួនបាត់ ។ សង្ឃឹមថា គេចមិនរួចពីសមត្ថកិច្ចទេ ខណះមាន វីដេអូ កាម៉ារាសុវត្ថិភាព ឃើញមុខ និងផ្លាកលេខឡានច្បាស់ត្រឡែត។ ករណីនេះត្រូវបានគេបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសរសេរថា ៖ មានអញ្ចឹងដែរបុកគេរបួសធ្ងន់ហើយយកទ្រព្យអ្នករងគ្រោះទៅបាត់…បុរសម្នាក់បានបើករថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿងក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូ១គ្រឿង បណ្ដាលឲ្យស្ត្រីជាប្រពន្ធអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកប្ដីរបួសស្រាល។
ខណៈនោះអ្នកបើកបររថយន្តខាងលើ បានជួយដឹកជនរងគ្រោះទៅកាន់គ្លីនិកដើម្បីសង្គ្រោះ ដោយបានយកលុយនិងទូរស័ព្ទ ព្រមទាំងឯកសាររបស់ជនរងគ្រោះមកដាក់ក្នុងរថយន្តរបស់ខ្លួន ដោយធានាអះអាងថានឹងដោះស្រាយជូនជនរងគ្រោះ ។ ប៉ុន្តែបន្ទាប់ពីដឹកជនរងគ្រោះដល់មន្ទីរសម្ភពនិងព្យាបាលជំងឺ ស្រាប់តែបុរសនេះក៏ឆ្លៀតឱកាសបើករថយន្តរត់គេចខ្លួបាត់ ដោយយកទាំងលុយនិងទូរស័ព្ទ ព្រមទាំងរបស់របរមួយចំនួនរបស់ជនរងគ្រោះថែមទៀត ។ ពេលទូរស័ព្ទឲ្យត្រឡប់មកវិញដែរ ប៉ុន្តែខលចូលច្រើនដង បុរសនោះមិនខ្ចីលើកទូរស័ព្ទឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចភ្លើងស្តុបវត្តជន្លុងម្លូ ស្ថិតនៅក្នុងភូមិព្រែរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ សួង សំបូរ អាយុ៣៨ឆ្នាំ និងប្ដីឈ្មោះ ភឺន សុភន អាយុ៤២ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិថ្មី ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1I-7559 ។
ចំណែករថយន្តបង្កម៉ាកឡិចស៊ីស RX-330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BC-5643 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ។ ជននេះបានយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមានទូរស័ព្ទដៃ១គ្រឿង លុយចំនួន១៥០ដុល្លារ ប្រាក់រៀលចំនួន១០ម៉ឺនរៀល ឯកសារបង់ប្រាក់ធនាគារ ថ្នាំពេទ្យ និងកាតការងាររោងចក្រ មួកសុវត្ថិភាព ។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ជុំវិញបញ្ហា លោកមិនទាន់ទទួលបានព័ត៌មាន នៅឡើយ ដូច្នេះលោកកំពុងសួរទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មានជូនពេលក្រោយ ៕
ដោយ ៖ សិលា