ចិនមិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចទី​១លើពិភពលោកឡើយ

ចែករំលែក៖

រយៈពេលចុងក្រោយនេះសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះធ្វើឲ្យក្តីស្រមៃចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកនឹងត្រូវបាត់បង់បន្តិចម្តងៗ ។ មើលពីកម្លាំងសេដ្ឋកិច្ចចិននៅតែជាប្រទេសមួយកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ ប្រសិនបើចិនមានមោទនភាពខ្លាំងពេកអាចនឹងត្រូវរុញថយក្រោយវិញជាក់ជាមិនខានក្នុងប៉ុន្មានឆ្នាំខាងមុខ។

...

ថ្មីៗនេះអគ្គនាយករងធនាគារជាតិចិនបានប្រកាសថា ចិនបានឆ្លងផុតជប៉ុន ហើយក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក។ ការស្រាវជ្រាវមួយនៅក្នុងប្រទេសអង់គ្លេសក៏បានបង្ហាញឲ្យឃើញថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នាពេលបច្ចុប្បន្នរបស់ចិនរយៈពេល៩-១០ឆ្នាំទៀត ចិននឹងឆ្លងផុតអាមេរិក ហើយក្លាយទៅជាប្រទេសសេដ្ឋកិច្ចលំដាប់ទី១នៅលើពិភពលោក។ ប៉ុន្តែការវាយតម្លៃសន្និដ្ឋានខាងលើបង្កឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅលើពិភពលោក ។ មានមតិជាច្រើនបានបញ្ជាក់ថា តួលេខប្រាក់ចំណូលមធ្យមភាគរបស់ចិនមិនមានដែនកំណត់ច្បាស់លាស់ទេក្នុងពេលដែលមតិមួយចំនួនទៀតក៏បានបញ្ជាក់ដែរថា សេដ្ឋកិច្ចចិនអាចឈានមុខនៅលើពិភពលោកក៏អាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ ។

តាមអ្នកឯកទេសមកពីប្រទេសចិនបានបង្ហាញឲ្យឃើញថា ប្រសិនបើត្រួតពិនិត្យទៅលើល្បឿននៃកំណើនសេដ្ឋកិច្ច របស់ចិនរយៈពេល ៣០ឆ្នាំមកនេះជាមួយនឹងការប្រែប្រួលនៃរូបិយវត្ថុចិនគេអាចកំណត់បានថា សេដ្ឋកិច្ចចិនអាចនឹងឈានដល់កម្រិតមួយដ៏ខ្ពស់។ មនុស្សជាច្រើនចាត់ទុកថា តួលេខដែលបានប្រកាសនៅតាមបណ្តាខេត្ត-ក្រុងមួយចំនួននៅប្រទេសចិនមិនទាន់ច្បាស់លាស់។ តាមការពិតគ្មានរឿងដែលមន្ត្រីនៅតាមខេត្ត-ក្រុងរបស់ចិនប្រកាសលើសពីតួលេខពិតនោះទេ មានតែប្រកាសទាបជាងអ្វីដែលទទួលបានដើម្បីកុំឲ្យបង់ពន្ធច្រើនទៅដល់រដ្ឋ។

ឧទាហរណ៍ខេត្តឆ្នេរសមុទ្រក្វាងទុងមាន GDP ខ្ពស់ជាង GDP ខេត្តដទៃរាប់សិបខេត្តបូកបញ្ចូលគ្នា។ គ្រាន់តែខេត្ត ក្វាងទុងប្រកាស GDP ទាបជាងបន្តិច ហើយខេត្តដទៃទៀតប្រកាសលើសជាងបន្តិចក៏មិនប៉ះពាល់អ្វីធ្ងន់ដល់តួលេខពិតរបស់ GDP ទូទាំងប្រទេសដែរ ។

បញ្ហានៅត្រង់ GDP របស់ចិនខ្ពស់ ប៉ុន្តែ GDP មធ្យមភាគរបស់មនុស្សម្នាក់ៗគឺទាបជាងឆ្ងាយបើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបនិងអាមេរិក។ បច្ចុប្បន្ន GDP មធ្យមភាគក្នុងមនុស្សម្នាក់ៗរបស់ចិនមានតែ ៣.៨០០ដុល្លារក្នុងមនុស្សម្នាក់។ បើប្រៀបធៀបទៅនឹងមធ្យមភាគមនុស្សម្នាក់ៗនៅក្នុងប្រទេសអភិវឌ្ឍន៍មិនស្មើនឹងមួយភាគដប់ផងនៃមធ្យមភាគប្រាក់ចំណូលរបស់ប្រជាជនជប៉ុន និងអាមេរិក។ មួយផ្នែកទៀត ប្រសិនយើងពិនិត្យទៅលើគុណភាពនៃកំណើន GDP ចិនមិនអាចប្រៀបផ្ទឹមបានជាមួយប្រទេសអភិវឌ្ឍន៍នោះទេ ។ ដោយសារតាំងពីឆ្នាំ២០០៣ មកទល់ពេលនេះកំណើនសេដ្ឋកិច្ចចិនអាស្រ័យទៅលើការនាំចេញផលិតផលនិងទីផ្សារអចលនទ្រព្យតែប៉ុណ្ណោះ។ កំណើននៃការនាំចេញបានជំរុញឲ្យសេដ្ឋកិច្ចចិនឈានទៅរកទីផ្សារអន្តរជាតិ។ អាស្រ័យហេតុនេះចិន បានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីកំណើនសេដ្ឋកិច្ចនៅលើពិភពលោកនោះ។ ប៉ុន្តែទីផ្សារអចលនទ្រព្យកើនឡើងខ្ពស់បង្កឲ្យមានផលអាក្រក់ជាច្រើន ដូចជាការវិនិយោគអចលនទ្រព្យធ្លាក់ចុះតម្លៃដីកើនឡើងខ្ពស់។ នេះគឺជាចំណុចផ្ទុយនៃកំណើនសេដ្ឋកិច្ចរបស់ចិន ហើយក៏ប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍនៅក្នុងប្រទេសនេះ។ ក្រៅពីនេះសេដ្ឋកិច្ចចិននៅមិនទាន់មានតុល្យភាពនៅឡើយ ។

ទី១-ការខុសគ្នាស្រឡះរវាងសេដ្ឋកិច្ចនៅតាមទីក្រុងនឹងនៅតាមទីជនបទ ។ ការកែប្រែប្រព័ន្ធសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះបានជួយឲ្យចិនទទួលបានផលប្រយោជន៍យ៉ាងធំធេងក៏ដូចជាកាត់បន្ថយគម្លាតរវាងអ្នកក្រុងនឹងអ្នកជនបទ។

ទី២-គឺបាត់បង់តុល្យភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ។ ល្បឿននៃកំណើនសេដ្ឋកិច្ចនៅតាមបណ្តាខេត្ត-ក្រុងឆ្នេរសមុទ្រគឺតាមទាន់ប្រទេសអភិវឌ្ឍន៍ ចំណែកខេត្តមួយចំនួនទៀតស្ថិតក្នុងភាពក្រីក្រនៅឡើយ។

ទី៣-ប្រាក់ចំណូលមធ្យមក្នុងទីប្រជុំជនមិនមានភាពស្មើគ្នា។ តាមខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចទ្រព្យសម្បត្តិបានធ្លាក់មក លើដៃបុគ្គលបង្កឲ្យមានអតុល្យភាពលើប្រាក់ចំណូលនៅក្នុងសង្គម។ បើពិនិត្យទៅលើកម្លាំងសេដ្ឋកិច្ចចិនគឺនៅតែជា ប្រទេសមួយកំពុងអភិវឌ្ឍប៉ុណ្ណោះ ។ ប្រសិនបើមានមោទនភាពខ្លាំងពេក ហើយមិនបន្តខិតខំឲ្យការអភិវឌ្ឍនោះកាន់តែមានភាពប្រសើរឡើងនឹងអាចប្រឈមមុខនូវវិបត្តិសេដ្ឋកិច្ចសាជាថ្មីម្តងទៀត។ ពេលនោះចិននឹងត្រូវរុញច្រានថយក្រោយរាប់សិបឆ្នាំទើបអាចងើបឡើងមកវិញ ។

ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ចិនបច្ចុប្បន្នកើនឡើងពី៨-១០ភាគរយគឺជាកំណើនដ៏ខ្ពស់បំផុតក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ ជាមួយនឹងកំណើនសេដ្ឋកិច្ចទាំងនោះធ្វើឲ្យចិនមានមោទនភាពយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងតំណែងប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ។

ចំណែកជប៉ុនវិញ សេដ្ឋកិច្ចនៅមិនទាន់ងើបឈរឡើងវិញគ្រប់គ្រាន់នៅឡើយ ក្រោយពេលវិបត្តិសេដ្ឋកិច្ចបានញាំញី យ៉ាងខ្លាំង។ ប៉ុន្តែមកទល់ពេលនេះជប៉ុនក៏មានកំណើនសេដ្ឋកិច្ច ៤,៩ភាគរយផងដែរ។

ទោះបីពេលនេះចិនលេចធ្លោជាងគេអំពីវិស័យសេដ្ឋកិច្ចតែមិនទាន់ប្រាកដថាអាចក្លាយទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចនៅលើពិភពលោកទេ។ អ្នកវិភាគជាច្រើនយល់ឃើញថា បើចិនចង់តាមទាន់អាមេរិកត្រូវចំណាយពេលពី ២០ទៅ៣០ឆ្នាំទៀត ទោះជាមានកំណើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្នឬក៏ខ្ពស់ជាង ហើយក៏មិនទាន់ប្រាកដថា ឆ្លងផុតអាមេរិក ឈានទៅលំដាប់ទី១ដែរ។ បើយើងប្រៀបធៀបជាមួយចំណូលមធ្យមភាគរបស់ប្រជាជនក្នុងប្រទេសចិន និងអាមេរិកគឺខុសគ្នាដាច់ស្រឡះ ហើយចំណូលនោះ ក៏ជាការបង្ហាញអំពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសនោះផងដែរ។ សេដ្ឋកិច្ចរដ្ឋកើនឡើងខ្ពស់ តែសេដ្ឋកិច្ចប្រជាជនធ្លាក់ចុះក៏មិនអាចក្លាយជាប្រទេសអភិវឌ្ឍន៍ឡើយ ។

អ្នកវិភាគជាច្រើនយល់ឃើញថា ប្រសិនបើចិនអួតអាងខ្លាំងពេកចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួនហើយបើមិនខិតខំអភិវឌ្ឍបន្ថែមទេ ចិនប្រាកដជាធ្លាក់ចុះវិញជាក់ជាមិនខាន។ ខណៈដែលអាមេរិកក៏ដូចជាជប៉ុនកំពុងតែមានសេដ្ឋកិច្ចងើបឡើងវិញ ក្រោយពីប្រឈមមុខទៅនឹងវិបត្តិយ៉ាងធ្ងន់កាលពីឆ្នាំ២០០៨ ៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print