ទីក្រុងម៉ែលប៊ន៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើការសួរសុខទុកថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀតដែលនេះជាឱកាសនៃកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតបន្ថែមទៀត។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។ ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យក្រសួងទេសចរណ៍បង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ ៕