សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនកំពុងគ្រោងចំណាត់ការភ្លាមៗមួយ ដើម្បីកែសម្រួលឱ្យប្រសើរឡើងនូវប្រាក់បៀវត្សនិងលក្ខខណ្ឌការងារសម្រាប់វេជ្ជបណ្ឌិតកម្មសិក្សា ខណៈវាគឺជាលក្ខខណ្ឌទាមទារចម្បងរបស់ក្រុមគ្រូពេទ្យទាំងនោះ ដែលបាននាំគ្នាឈប់ធ្វើការអស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយថា របៀបរបបបច្ចុប្បន្ននៃការបង្ខំឱ្យវេជ្ជបណ្ឌិតក្មេងៗ បំពេញការងាររហូតដល់៣៦ម៉ោងជាប់គ្នា គឺជាមូលហេតុមួយផ្នែកដែលបណ្តាលឱ្យពួកគេនាំគ្នាធ្វើកូដកម្ម ហើយបញ្ហានេះចាំបាច់ត្រូវតែកែប្រែឡើងវិញ។ លោក Han បានបន្តថា រដ្ឋាភិបាលនឹងចាប់ផ្តើមសាកល្បងអនុវត្តការផ្លាស់ប្តូរនោះ ក្នុងពេលឆាប់ៗ ហើយនឹងពិចារណាកំណត់មកនៅត្រឹម២៤ម៉ោងប៉ុណ្ណោះ សម្រាប់រយៈពេលមួយ ដែលក្រុមវេជ្ជបណ្ឌិតកម្មសិក្សាត្រូវធ្វើការជាប់ឥតឈប់។ ចំណែកប្រាក់បៀវត្ស ក៏នឹងត្រូវដំឡើងឱ្យច្រើនជាងមុនផងដែរ។
គួរបញ្ជាក់ថា វេជ្ជបណ្ឌិតកម្មសិក្សាសរុបជាង១០,០០០នាក់ កំពុងធ្វើការតវ៉ាប្រឆាំងផែនការមួយរបស់រដ្ឋាភិបាលដែលមានគោលដៅចង់បង្កើននិស្សិតចូលរៀននៅតាមសាលាពេទ្យក្នុងចំនួន២,០០០នាក់ក្នុង១ឆ្នាំ ដើម្បីដោះស្រាយបញ្ហាខ្វះខាតវេជ្ជបណ្ឌិត ខណៈប្រទេសអាស៉ីបូព៌ាមួយនេះ កំពុងប្រឈមការកើនឡើងយ៉ាងឆាប់រហ័សបំផុត នៃចំនួនប្រជាជនវ័យចំណាស់។
ក្រុមវេជ្ជបណ្ឌិតក្មេងៗទាំងនោះ បានលើកហេតុផលថា ការបន្ថែមចំនួននិស្សិតពេទ្យតែប៉ុណ្ណឹង គឺមិនអាចដោះស្រាយបញ្ហាប្រាក់បៀវត្សនិងលក្ខខណ្ឌការងារឡើយ ហើយផ្ទុយទៅវិញអាចនឹងធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរថែមទៀត។ ដោយនៅមិនដកថយ ផែនការបង្កើនចំនួននិស្សិតពេទ្យ សំណើខាងលើដែលដាក់ចេញ ដោយលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ហាក់មានគោលដៅស្វែងរកចំណុចឯកភាពរួមមួយជាមួយក្រុមគ្រូពេទ្យដែលកំពុងធ្វើកូដកម្ម។ ក្រុមវេជ្ជបណ្ឌិតទាំងនោះ ហើយនិងសមាគមគ្រូពេទ្យដែលបានរិះគន់និងប្រឆាំងផែនការរដ្ឋាភិបាល មិនទាន់បានចេញឆ្លើយតបជាសាធារណៈនៅឡើយទេ ចំពោះសំណើនេះ៕ ដោយធីរីណា
រូបថត: Reuters