ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ សាង ណាន ភេទប្រុស ពីបទល្មើសបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបេីយោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលទើបទទួលនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
ជាក់ស្ដែងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ១៥៨៨ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បង្កឡើងដោយឈ្មោះ សាង ណាន ភេទប្រុស បើកម៉ូតូម៉ាក HONDA DREAM C125 ព័ណ៌ខ្មៅ បញ្ច្រាសទិសបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ សាង ណាន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕