ប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥ នៅក្នុងខែកក្កដា ឆ្នាំ២០១៦នេះ។
ចំណែកសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា កូរ៉េខាងជើងកំពុងតែបង្កើតសកម្មភាពនូវទីតាំងសាកល្បងគ្រាប់បែកបរមាណូរបស់ប្រទេសនេះ ក្នុងនោះមានទាំងការដាក់មន្ទីរត្រួតពិនិត្យនៅទីនោះផងដែរ។ ចំណុចទាំងនោះបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងក្នុងពេលដ៏ខ្លីបំផុត។
ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យបានធ្វើឡើងនៅជុំវិញទីតាំងសាកល្បងគ្រាប់បែកបរមាណូនៅតំបន់ Punggye ri របស់កូរ៉ែខាងជើង ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងសេអូលបានបញ្ជាក់ថា កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកគ្រប់ពេលវេលា។
ចាប់តាំងពីការសាកល្បងគ្រាប់បែកជាលើកទី៤ នៅខែមករា ឆ្នាំ២០១៦ កូរ៉េខាងជើងបានខិតខំក្នុងការសាកល្បងគ្រាប់បែកជាបន្តទៀត ។ ព័ត៌មានស្តីពីការសាកល្បងនោះកើតឡើងក្រោយពេលដែលអាមេរិកបានបញ្ជូនមីស៊ីលការពារទំនើបបំផុតប្រភេទ THAAD ទៅកាន់កូរ៉េខាងត្បូង។
គ្រាន់តែដាក់មីស៊ីលអាមេរិកនៅទីនោះភ្លាម កូរ៉េខាងជើងបានគំរាមកំហែងធ្វើការតបតវិញឲ្យសាកសំបំផុត ។ គ្រាន់តែការប្រកាសភ្លាម កូរ៉េខាងជើងបានសាកល្បងមីស៊ីចេញពីនាវាមុជទឹក និងផ្តាច់ទំនាក់ទំនងជាមួយអាមេរិកដោយបានដកមន្ត្រីប្រចាំការនៅក្នុងអង្គការសហប្រជាជាតិត្រឡប់មកប្រទេសវិញ៕
ប្រែសម្រួល៖ ម៉ែវ សាធី