ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈដោយធ្វើការជ្រើសរើសមន្រ្តីរាជការតាមនីតិវិធីថ្មី «អ្នកចេះ ជាប់» ហើយក្នុងរយៈពេល៦ខែនេះ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើកិច្ចការសំខាន់មួយចំនួនដើម្បីធ្វើកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ។
កិច្ចការសំខាន់ៗទាំងនោះរួមមានដូចជា៖
ទី១- បានធ្វើការជ្រើសរើសមន្រ្តីរាជការតាមនីតិវិធីថ្មី ដោយបានចេញអនុក្រឹត្យដាក់ឱ្យអនុវត្តនិយាមនីតិប្រតិបត្តិ SOP ស្តីពីការជ្រើសរើសមន្រ្តីរាជការស៊ីវិល នៅក្នុងគោលដៅកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ដែលយើងបានធ្វើការជ្រើសរើសមន្រ្តីបំពេញក្របខណ្ឌឱ្យក្រសួងស្ថាប័នមួយចំនួនដោយជោគជ័យ ដោយធានានូវភាពត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ «អ្នកចេះ ជាប់»។
ទី២- បាននិងកំពុងរៀបចំសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារ និងការប្រតិបត្តិការងារសាធារណៈ នៅក្នុងគោលដៅឆ្ពោះទៅរកការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន។
ទី៣- បាននិងកំពុងរៀបចំប្រមូលទិន្នន័យពាក់ព័ន្ធនឹងប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្មនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងគោលដៅឆ្ពោះទៅរកការកែលម្អប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។
ទី៤- កំពុងរៀបចំសេចក្តីព្រាងផែនការឆ្នាំ២០២៤-២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ។
សម្តេចមានប្រសាសន៍ថា ៖ កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ៖ បានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដើម្បីធានាភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមទិសស្លោក អ្នកចេះជាប់ កំពុងរៀបចំសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារ និង ប្រតិបត្តិការរដ្ឋបាលសាធារណៈ កំពុងរៀបចំប្រមូលទិន្នន័យពាក់ព័ន្ធនឹងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅតាម ក្រសួង ស្ថាប័ន និងសេចក្តីព្រាងផែនការឆ្នាំ២០២៤-២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យ រដ្ឋបាលសាធារណៈ។
ការកែទម្រង់វិស័យអប់រំ៖ បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលាគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន ៩ សម្រាប់ការអនុវត្តជំហ៊ានដំបូង ដែលផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម រួមមានវិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្តសហគមន៍ ការចូលរួមពីសហគមន៍ និងវត្តអារាម ៕
ដោយ ៖ សិលា