សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ ថ្លែងបើកកិច្ចប្រជុំ សម្តេចធិបតី បាន គូសបញ្ជាក់ជូនជនរួមជាតិអំពីជោគជ័យនៃលទ្ធផលការងារសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេល ៦ខែដំបូង ដូចខាងក្រោម៖

ក-ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មីៗនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៤ និងមានអង្គបោះឆ្នោតបានទៅបោះឆ្នោតចំនួន ៩៩,៨៦ភាគរយ។ សម្តេចធិបតី ចាត់ទុកលទ្ធផលនេះថាជាការបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាព នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ខ-សមិទ្ធផលលេចធ្លោនៃការអនុវត្តគោលនយោបាយអាទិភាពទាំង៦ចំណុច

១-ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល៖ បានពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់ដណ្តប់លើប្រជាពលរដ្ឋចំនួន៦,៨លាននាក់ ក្នុងនោះមាន សមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តចំនួន២លាន១សែននាក់ មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយ រងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារ ស្មើនឹង១លាន៨សែននាក់ មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋគ្រួសារ ក្រីក្រ (ក្រ១និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនចំនួន២លាន៨សែននាក់ និងបានពង្រីកនូវ ការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០ម៉ឺននាក់ ផងដែរ។

២-ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ៖ ក្នុងចំណោមគោលដៅយុវជនចំនួន១,៥លាននាក់ មានយុវជនចំនួន២៧ ៨៩៤៩ក់ បានឈ្មោះចូល រួម ក្នុងនោះជាង១២ពាន់នាក់ កំពុងត្រូវបានបណ្តុះបណ្តាលដោយឥតគិតថ្លៃដោយរាជរដ្ឋវគេហែលផ្តល់ ក្នុងមួយខែចំនួន២៨ម៉ឺនរៀលថែមទៀត។

៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះក្នុងគ្រួសារ ក្រីក្រ គ្រួសារងាយរងហានិភ័យនៅគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោល-ការណ៍ណែនាំស្តីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ និងចាកចេញជាបណ្តើរៗពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩។

៤-ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ បានបង្កើតគណៈកម្មាធិការសម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគី ពាក់ព័ន្ធ ដើម្បីកំណត់និងវាយតម្លៃជាមូលដ្ឋាននូវទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានដល់ការ អភិវឌ្ឍប្រព័ន្ធចុះឈ្មោះនាពេលខាងមុខ ដើម្បីកំណត់នូវគោលដៅច្បាស់លាស់ សម្រាប់ការទទួលបានជំនួយជាក់ ស្តែងពីរាជរដ្ឋាភិបាល។

៥-ការរៀបចំយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សា លំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ៖ បានបង្កើតក្រុមការងារចម្រុះចុះសម្របសម្រួលវិស័យខ្សែសង្វាក់ តម្លៃផលិតផលកសិកម្ម ដោយបានរៀបចំយន្តការ នីតិវិធី និងប្រើប្រាស់ថវិកាលក្ខខណ្ឌតម្រូវឥណទាន និងយន្តការ នីតិវិធីសងត្រឡប់។

៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មក្នុងគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស៖ បានអនុវត្តដោយជោគជ័យនូវជំហ៊ានទី១ គឺការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបាន ដាក់ពង្រាយជំហ៊ានដំបូងនៅតាមបណ្តាលឃុំ សង្កាត់ មួយចំនួននៅទូទាំងប្រទេស ព្រមទាំងកំពុងកំណត់គោលដៅ ចំនួន៨០០ឃុំ សង្កាត់ ទៀត សម្រាប់ជំហ៊ានទី២ នៅខែមេសា ឆ្នាំ២០២៤។

គ-ការអនុវត្តវិធានការគន្លឹះទាំង៥

១-កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ៖ បានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដើម្បីធានាភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមទិសស្លោក អ្នកចេះជាប់ កំពុងរៀបចំសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារ និង ប្រតិបត្តិការរដ្ឋបាលសាធារណៈ កំពុងរៀបចំប្រមូលទិន្នន័យពាក់ព័ន្ធនឹងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅតាម ក្រសួង ស្ថាប័ន និងសេចក្តីព្រាងផែនការឆ្នាំ២០២៤-២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យ រដ្ឋបាលសាធារណៈ។

២-ការកែទម្រង់វិស័យអប់រំ៖ បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលាគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន ៩ សម្រាប់ការអនុវត្តជំហ៊ានដំបូង ដែលផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម រួមមានវិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្តសហគមន៍ ការចូលរួមពីសហគមន៍ និងវត្តអារាម។

ទី៣-ការកែទម្រង់វិស័យសុខាភិបាលផ្តោតលើការពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក៖ បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ធ្វើបច្ចុប្បន្នភាពបុគ្គលិក សុខាភិបាលសម្រាប់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក កម្រិត១ និងកម្រិត២ ក្នុងគោលដៅកំណត់តម្រូវការមន្ត្រី សម្រាប់ការជ្រើសរើសនិងពង្រាយបុគ្គលិកសុខាភិបាល ដើម្បីធានាសេវា២៤ម៉ោងលើ២៤ម៉ោង និងតថ្ងៃ ក្នុង១

សប្តាហ៍ កំពុងរៀបចំផែនការចំណាយក្នុងគោលដៅផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារចាំបាច់សម្រាប់មណ្ឌលសុខភាព ព្រមទាំងពិនិត្យលទ្ធភាពបង្កើនឱសថចាំបាច់មួយចំនួន ដូចជាឱសថលើសឈាម និងទឹកនោមផ្អែមជាដើម។ ទី៤-គោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព៖ បានរៀបចំកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដោយដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ និងបង្កើត គណៈបញ្ជាការអនុវត្តយុទ្ធនាការ បានដាក់ចេញបទបញ្ជាលេខ០០១ ដែលជាបទបញ្ជាដាច់ខាត ក្នុងការប្រយុទ្ធ ប្រឆាំងការប្រើប្រាស់គ្រឿងញៀនតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទដោយបានចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌចំពោះអ្នកពាក់ព័ន្ធនឹង គ្រឿងញៀន បានបញ្ចប់ការផ្តល់អាជ្ញាបណ្ណថ្មីនិងបិទទីតាំងល្បែងផ្សងសំណាងតាមមូលដ្ឋានដែលគ្មានអាជ្ញាបណ្ណ។ ទី៥-ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌៖ បានបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយបានដាក់ចេញយុទ្ធនាការ២ គឺ ទី១-យុទ្ធនាការជំរុញនិងពន្លឿនការ ដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២-យុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងបានរៀបចំឡើងវិញនូវគណៈកម្មាធិការដឹកនាំការកែទម្រង់វិស័យយុត្តិធម៌ និងបង្កើតគណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់។

បន្ទាប់មក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិនិត្យ ពិភាក្សា ឆ្លង និងអនុម័ត លើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

១.សេចក្តីព្រាងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមម្លប់សុខសន្តិភាព និងប្រកបដោយការអភិវឌ្ឍជាប់ជាប្រចាំអស់រយៈពេលជាង២៥ឆ្នាំ ព្រះរាជាណា ចក្រកម្ពុជា បានឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍ ប្រកបដោយជោគជ័យ និងត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិថា ជាប្រទេសឈានមុខមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានសម្រេចគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧។ កម្ពុជាមានសក្តានុពលអាចឈានទៅសម្រេចបាននូវគោលដៅបញ្ចប់អេដស៍ ឬ សម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ការបញ្ចប់អេដស៍ ត្រូវបានអង្គការសហប្រជាជាតិកំណត់កាត់ បន្ថយឱ្យបាន៩០ភាគរយនៃការឆ្លងថ្មី និងការស្លាប់ដោយសារអេដស៍នៅឆ្នាំ២០៣០ បើធៀបនឹងឆ្នាំ២០១០។ ដោយហេតុថា គ្មានការលុបបំបាត់ឱ្យអស់១០០ភាគរយ កម្ពុជាបានរៀបចំបញ្ចូលគ្នាជាគោលនយោបាយតែមួយ ទាំងការបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍។ ចីរភាពនៃកម្មវិធីអេដស៍នេះ តម្រូវឱ្យរាជរដ្ឋាភិបាលវាយតម្លៃ លើទំហំនៃតម្រូវការចាំបាច់ផ្នែកធនធាននិងធានាថា កម្មវិធីអេដស៍នៅតែអាចបន្តអនុវត្តបាន បើទោះបីជាជំនួយ ហិរញ្ញវត្ថុក្រៅប្រទេសរីងស្ងួតក្តី ឬបើទោះជាកម្ពុជាចាកចេញពីស្ថានភាពនៃប្រទេសដែលមានចំណូលមធ្យមកម្រិត ទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់យ៉ាងណាក្តី ដើម្បីទប់ស្កាត់មិនឱ្យមេរោគអេដស៍និងជំងឺអេដស៍ ផ្ទុះឡើងវិញ បង្កជាគ្រោះមហន្តរាយគំរាមកំហែងដល់សុខភាពសាធារណៈ។

២.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧

កម្មវិធីនេះ ជាឧបករណ៍ផ្នែកគោលនយោបាយមួយសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងអាទិភាព ដូចមានចែងក្នុង

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានរៀបចំឡើងដោយមានការសម្របសម្រួលនិងដឹកនាំដោយក្រសួងផែនការ និងមានការចូលរួមផ្តល់ធាតុ ចូលពីគ្រប់ក្រសួង ស្ថាប័ន។ កម្មវិធីវិនិយោគ នេះ មានគម្រោងសរុបចំនួន៦១៧គម្រោង ក្នុងនោះគម្រោងកំពុង ដំណើរការមានចំនួន១៧៣គម្រោង និងគម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ មានចំនួន៤៤៤ គម្រោង។ ក្នុងចំណោមគម្រោងសរុប៦១៧ មាន១៧៣គម្រោងកំពុងដំណើរការ ដោយត្រូវការទុនចំនួន៤ ៦៧៨ លានដុល្លារអាម៉េរិក និង៤៤៤គម្រោងទៀត ជាគម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយត្រូវ ការទុនចំនួន៧ ០១៤លានដុល្លារអាម៉េរិក។

៣.សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ក្នុងនាមជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្ត កាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងអនុសញ្ញាស៊ីកាហ្គោ ឆ្នាំ១៩៤៤ ស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្នុងនោះ រួមបញ្ចូលទាំងការទទួលយកផែនការចុះធ្វើសវនកម្មទាំងលើផ្នែកសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ ពីក្រុម សវនកររបស់ ICAO ។ កម្ពុជាក៏បានទទួលការធ្វើចុះសវនកម្មផ្នែកសុវត្ថិភាពអាកាសចរណ៍សកលជាបន្តបន្ទាប់ ពោលគឺនៅឆ្នាំ១៩៩៩ ឆ្នាំ២០០៧ និងឆ្នាំ២០០៩ លើជំនាញច្បាប់ រចនាសម្ព័ន្ធគ្រប់គ្រង អាជ្ញាបណ្ណបុគ្គលិក កិច្ចប្រតិបត្តិការហោះហើរ លទ្ធភាពហោះហើរ ការគ្រប់គ្រងការនាំផ្លូវអាកាស ការគ្រប់គ្រងអាកាសយានដ្ឋាន និង ការស៊ើបអង្កេតគ្រោះថ្នាក់អាកាសយាន។ ឆ្លើយតបនឹងអនុសាសន៍របស់ ICAO រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល ក៏បានរៀបចំកែសម្រួលនិងបំពេញបន្ថែមតាមលក្ខខណ្ឌ ឱ្យកាន់តែល្អប្រសើរឡើង ទាំងផ្នែកខ្លឹមសារនិងទម្រង់ ដោយផ្អែកតាមការវិវត្តនៃស្ថានភាពការងារជាក់ស្តែង ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងជាពិសេសស្របតាមច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល។ សេចក្តីព្រាង អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មាន ១៥ជំពូក និង៤៧មាត្រា។

៤.បញ្ហាផ្សេងៗ

សម្តេចធិបតី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេលជាង៦ខែកន្លងទៅនេះ ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ។

សម្តេចធិបតី បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តតាមសេចក្តីសម្រេចដែលបានដាក់ ចេញដោយវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងពន្លឿនការដោះស្រាយ បញ្ហានានាជូនវិស័យឯកជនក្នុងគោលដៅបង្កើតបរិយាកាសល្អទាំងការវិនិយោគនិងការប្រកួតប្រជែង។ សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អ តាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។

សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានមប្រើជូននូវទឹកសុទ្ធ បន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។

សម្តេចធិបតី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍សហការ ជាមួយបណ្តាខេត្តជាប់ព្រំដែនដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវ ទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ ពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះ ផងដែរ។

សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។

សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងការទន្ទ្រានតំបន់ព្រៃលិចទឹកនៅជុំវិញបឹង ទន្លេសាប និងដោះស្រាយបញ្ហាឱ្យចប់ ប្រកបដោយប្រសិទ្ធភាព និងធានានិរន្តរភាព។

សម្តេចធិបតី បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដក យកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។ សម្តេចធិបតី បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមក ពីគ្រឿងស្រវឹង។ ទន្ទឹមនឹងនោះ សម្តេច បានណែនាំឱ្យកែសម្រួលម៉ោងត្រួតពិនិត្យដើម្បីកាត់បន្ថយសម្ពាធ ទៅលើភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុដោយសារវិធានការរឹតបន្តឹងការត្រួតពិនិត្យ គ្រឿងស្រវឹងពេលយប់។ សម្តេចធិបតី ក៏បានណែនាំឱ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមក ពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់។

សម្តេចធិបតី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ បន្តការត្រួតពិនិត្យលើល្បែង ស៊ីសង និងផ្សងសំណាងឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print