ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន

ចែករំលែក៖

 

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ក៏បានចូលរួមអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និង បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្តម លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតីឡាវ ជូនចំពោះសម្តេចធិបតីផងដែរ។  បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់អំពីទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៃប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងដ៏ល្អ និងមិត្តភក្តិដ៏ជិតស្និទ្ធ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ក៏ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ  ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ទៅលើវិស័យសំខាន់ៗដូចជា៖​ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបទល្មើសឆ្លងដែន​ ជាដើម។ បន្ថែមពីនេះក្រសួងទាំងពីរក៏នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការចែករំលែកនូវបទពិសោធន៏ និងជំនាញបច្ចេកទេស ការផ្លាស់ប្ដូរនិស្សិតដែលសិក្សាលើជំនាញនគរបាល និងបន្តកិច្ចសហការ នៅក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែន ដោយសន្តិវិធីដើម្បី បង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីថែរក្សាព្រំដែន នៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនេះដែរ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូន សម្តេចធិបតី អំពីការប្ដេជ្ញាចិត្ត និងការខិតខំរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមកកម្ពុជា​ ឱ្យបានគ្រប់គ្រាន់តាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពជាមួយគ្នា និងការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២៤។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានជួប ឯកឧត្តម នាយឧត្តមសេនីយ៍​ ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាកាលពីចុងឆ្នាំ២០២២ ដែលពេលនោះ សម្ដេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនោះ សម្ដេចធិបតី បានសម្ដែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ និយាយដោយឡែក។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ ខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបទល្មើសឆ្លងដែននានា។ សម្ដេចធិបតី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានសម្ដែងនូវការអបអរសាទរ និងគាំទ្រដល់ប្រទេសឡាវ ដែលបាន​និងកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២៤ នេះ  ហើយកម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការជួយគាំទ្រទៅដល់រដ្ឋាភិបាលឡាវ ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print