ភ្នំពេញ៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា បេីទោះបីជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ក្រុង ចំនួន២៥ ជាពិសេសកម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែអនុវត្តន៍បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងលួចបេីកគ្មានអាជ្ញាប័ណ្ណ ឫជ្រកក្រោមស្លាកយីហោផ្សេងៗដែលបន្លំភ្នែកអាជ្ញាធរសមត្ថកិច្ចជំនាញ។
ជាក់ស្ដែងយោងតាមការសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបង្ហេីបប្រាប់ថា៖ បញ្ហាល្បែងស៊ីសងខុសច្បាប់នៅតែបន្តបើកលេងយ៉ាងរលូន ខណៈទីតាំងហ្គេមបាញ់ត្រីដ៏ធំយីហោ”Lucky Paradise” នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងលេងរាល់ថ្ងៃ ដោយគ្មានអាជ្ញាធរ ឫសមត្ថកិច្ចជំនាញណាបង្រ្កាបនោះទេ។
សេចក្ដីរាយការណ៍ដដែលបន្តថា បទល្មើសលួច ឆក់ ប្លន់ អំពើហឹង្សាក្នុងគ្រួសារ គឺសុទ្ធសឹងផ្ដេីមចេញពីការល្បែងស៉ីសងខុសច្បាប់អស់នេះ! ដូច្នេះប្រជាពលរដ្ឋរស់នៅក្បែរកន្លែងនោះ បានធ្វេីការស្នើរសុំឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកវរសេនីយ៍ឯក យិន សាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និង លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន គួរចាត់វិធានការបង្រ្កាបទីតាំងបនល្បែងស៉ីសងប្រភេទទូហ្គេមបាញ់ត្រី ខាងលេីនេះដែលកំពុងបើកលេងយ៉ាងរលូន និងកំពុងផ្គេីនអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
ពាក់ព័ន្ធករណីនេះដែរ លោក យិន សាន អធិការនគរបាល ខណ្ឌចំការមន បានឱ្យដឹងតាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា៖ ខ្ញុំបានឱ្យកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ គឺមិនអនុញ្ញាតឱ្យមានការបើកល្បែងនោះឡើយ។ លោកបន្តថា៖ ខ្ញុំនឹងឱ្យមន្រ្តីចុះស្រាវជ្រាវបន្ត ទោះជារបស់អ្នកធំណានៅពីក្រោយខ្នងក៏ដោយ ត្រូវតែបង្រ្កាប។ ដោយឡែកលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់អង្គភាព នគរវត្តតាមទូរស័ព្ទដែរថា៖ ខ្ញុំនឹងឱ្យមន្ត្រីចុះពិនិត្យក្នុងករណីនេះ ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងជាប់ភារកិច្ចប្រជុំការងារ៕ដោយ៖ ស រស្មី