ចិននិងរុស្ស៊ីតែងតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធនឹងគ្នា គ្រប់ពេលវេលា ដោយបានចូលរួមអបអរសាទរជ័យជម្នះរបស់ប្រធានាធិបតីពូទីន បន្តដឹកនាំរុស្ស៊ី បន្តទៀត ខណៈដែលប្រទេសលោកខាងលិចមិនចង់ឃើញលោកពូទីនបន្តដឹកនាំរុស្សុីនោះឡើយ។
សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា សម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រទេសរុស្ស៉ី គឺចិនបានចេញមុខសម្តែងការចូលរួមអបអរសាទរចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ដែលទើបតែទទួលជ័យជម្នះជាថ្មីម្តងទៀតក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។
នៅពេលត្រូវបានសាកសួរអំពីការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបដូច្នេះថា «ចិនសូមចូលរួមសម្តែងការអបអរសាទរ ចំពោះរឿងនេះ។ ចិននិងរុស្ស៉ីគឺជាប្រទេសជិតខាងធំជាងគេបង្អស់សម្រាប់គ្នា ហើយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មីនេះ។ យើងជឿជាក់យ៉ាងរឹងមាំថា នៅក្រោមមគ្គុទេសក៍យុទ្ធសាស្រ្ត របស់ប្រធានាធិបតី ស៉ី ជិនពីង និងប្រធានាធិបតី ពូទីន ទំនាក់ទំនងចិន-រុស្ស៉ី នឹងបន្តបោះជំហានទៅមុខ។ លោក Lin ក៏បានកត់សម្គាល់ផងដែរថា ឆ្នាំ២០២៤នេះ គឺជាខួបទី៧៥ហើយ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ខណៈ៩៩ភាគរយនៃមណ្ឌលបោះឆ្នោតបានបញ្ជូនលទ្ធផលរាប់សន្លឹកឆ្នោតរបស់ខ្លួន លោក ពូទីន ត្រូវបានមើលឃើញថា ទទួលបានសំឡេងគាំទ្ររហូតដល់ ៨៧.៣៣ភាគរយ នៃចំនួនសន្លឹកឆ្នោតទាំងអស់ ខណៈដែលគូប្រជែង៣រូបទៀត គឺម្នាក់ៗទទួលបានសំឡេងគាំទ្រមិនដល់៥ភាគរយផង។ តាមរយៈជ័យជម្នះនេះ លោក ពូទីន ដែលមានអាយុ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់អតីតមេដឹកនាំសូវៀត Josef Stalin ក្លាយជាមេដឹកនាំរុស្ស៉ី កាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណត្តិថ្មីនេះ៕ ដោយធីរីណា
រូបថត: Reuters