ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់សីលវន្ត សីលវតី ពេលបានបួសរៀនបាលី ធម៌អាថ៌ ចប់ត្រូវគោរពវិន័យឲ្យបានល្អទាំងការស្នាក់នៅ និងគង់ក្នុងវត្ត ក៏ដូចក្នុងពិធីនិមន្តចេញប្រតិបត្តិធម៌ទេស្នា នៅតាមភូមិ-ស្រុក ធ្វើយ៉ាងណាត្រូវគោរពធម៌វិន័យឲ្យបានខ្ជាប់ខ្ជួន ឲ្យបានថ្លៃថ្នូរទៅតាមប្រពៃណីទំនៀមទម្លាប់សាសនារបស់រដ្ឋ ខណៈបច្ចុប្បន្នមានព្រះសង្ឃមួយចំនួនកំពុងយកសាសនាជាន់ឈ្លី និងដើរលាបពណ៌បង្កើតឲ្យមានការគុំគួនឈានទៅអំពើហិង្សា។
...
លោកអភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាស លោកចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការបំបួសកុលបុត្រ កុលធីតា និងដូនជីសរុប ៨០០អង្គនាក់ វគ្គទី៨ កាលពីថ្ងៃទី១៨ ខែកក្កដា ស្ថិតនៅវត្តភ្នៀតសម្ពលី សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ។
លោក ប៉ា សុជាតិវង្ស បានបន្តថា សព្វថ្ងៃបញ្ហាសាសនាបានផ្សារភ្ជាប់ទៅនឹងសង្គមបានច្បិចយកនៃចំណុចប្រតិបត្តិរបស់ធម្មវិន័យរបស់ព្រះពុទ្ធសាសនាឲ្យក្លាយទៅជាអង្គប្រតិបត្តិមួយ ដែលបានប្រព្រឹត្តទៅជាប់លាប់ក្នុងការអប់រំទូន្មានប្រៀនប្រដៅជូនដល់សីលវន្ត សីលវតី បានជាច្រើនជំនាន់មកហើយនោះ។
លោកបន្តថា ការបណ្តុះបណ្តាលធម៌អាថ៌ ឬ ការបំបួសកុលបុត្រ កុលធីតា និងដូនជីនេះ វាបានធ្វើឲ្យកម្លាំងនៃពុទ្ធសាសនិកកាន់តែត្រូវបានពង្រឹងកាន់តែធ្វើឲ្យសាសនាស្ថិតស្ថេរនិងមានឥទ្ធិពល មានប្រជាប្រិយភាពសក្តិសមទីនឹងសាសនារបស់រដ្ឋ ហើយការចាត់តាំងគ្រប់គ្រងវត្តបានហ្មឺងម៉ាត់ ដោយមានបទបញ្ជផ្ទៃក្នុង មានវិន័យ ច្បាប់ទម្លាប់នៅក្នុងវត្តធ្វើឲ្យកុលបុត្រ កុលធីតា និងដូនជី ឬសិក្ខាកាម ទទួលបានវិន័យល្អ ដែលទាំងនេះជាគំរូសម្រាប់បន្តវៀនទៅជំនាន់ក្រោយៗទៀត។
ដូច្នេះ ការបំបួសកុលបុត្រ កុលធីតា និងដូនជីចំនួន ៨០០អង្គនាក់ វគ្គទី៨ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងបាននូវផ្នែកព្រះពុទ្ធសាសា នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានការរីកចម្រើនដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនាបន្តទៅអនាគតទៀត។
ព្រះសេរីកោសល សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសម្ពលី មានសង្ឍដិការថា ពិធីបំបួសកុលបុត្រ កុលធិតា ឬបំបួស នាគ និងដូនជីចំនួន ៨០០អង្គនាក់ វគ្គទី៨ ដែលបានមកពីខេត្ត រាជធានី ចំនួន ១៧នៅទូទាំងប្រទេសនាពេលនេះជា ប្រពៃណីនៃទំនៀមទម្លាប់របស់ព្រះពុទ្ធសាសនាដែលបានធ្វើឡើងក្នុងគោលបំណងសម្រាប់ទុកឲ្យមនុស្ស ក្មេង ចាស់ ប្រុស ស្រី ក្នុងន័យសងគុណឪពុកម្តាយ និងអ្នកមានគុណដែលបានចិញ្ចឹមបីបាច់ថែរក្សាខ្លួនតាំងពីកើតមករហូតដល់ធំដឹងក្តី និងជាការធ្វើសមាធិសតិអារម្មណ៍តាមផ្លូវធម៌និងរៀនសូត្រពីធម៌វិន័យ ដូចព្រះសង្ឃ ដូច្នោះដែរ។
មួយវិញទៀត ពិធីបំបួសកុលបុត្រ កុលធិតានាពេលនេះគឺមានសារៈសំខាន់ក្នុងការអប់រំផ្លូវចិត្ត ធ្វើឲ្យមនុស្សមានការយល់ដឹងកាន់តែប្រសើរយល់ដឹងពីបាបបុណ្យអំពើល្អអាក្រក់ជាកុសល និងមានធម៌ខន្តីយោគយល់អនុគ្រោះដល់មនុស្សផងគ្នា ដោយប្រកាន់ខ្ជាប់តាមពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។
ព្រះតេជគន់មានសង្ឃដិកាបន្តថា ទាំងពុទ្ធចក្រ និងអាណាចក្របានដើរទន្លឹមគ្នាហើយសាសនានៅកម្ពុជា ពុទ្ធសាសនិកបាននាំគ្នាគោរពប្រតិបត្តិបានល្អណាស់ ពុំមានជម្លោះខាងសាសនាដូចប្រទេសមួយចំនួននៅលើសកលលោកនោះទេ ហើយប្រជាពលរដ្ឋមានសិទ្ធជឿទៅលើសាសនាណាក៏បានឲ្យតែខ្លួនពេញចិត្តនិងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
សូមបញ្ជាក់ថា ៖ រាជធានីភ្នំពេញមានទីវត្តអារាមចំនួន ១៤៩វត្ត មានព្រះសង្ឃប្រមាណជាង ៨ពាន់អង្គ ក្រោយពី បានដំណើរការបំបួសអស់រយៈពេល៩យប់៨ថ្ងៃនៅក្នុងវត្ត៕
ដោយ៖ សំរិត
...