ភ្នំពេញ៖ ក្មេងស្រីស្ថិតក្នុងវ័យសិក្សា ចំនួន២នាក់បានបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារសាច់ញាតិនិងអាណាព្យាបាលគិតពេកក្រៃ ចុងក្រោយបែរជាពួកគេមកសម្ងំរស់នៅដ៏ពពាក់ពពួនគ្នាជាមួយប្រុសស្ទាវ៤នាក់ក្នុងបន្ទប់ផ្ទះសំណាក់ សមុទ្រមាស នេះទៅវិញ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះសំណាក់ សមុទ្រមាស ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីមានពាក្យបណ្ដឹងដោយអាណាព្យាបាលក្មេងស្រី ទើបសមត្ថកិច្ចចុះមកពិនិត្យមើលក៏ឃើញក្មេងស្រីទាំង២និងក្មេងប្រុស៤នាក់ទៀត នាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលភ្នំពេញថ្មី។
បើតាមការបញ្ជាក់ឲ្យុដឹងពីសមត្ថកិច្ច អាណាព្យាបាលក្មេងស្រីបានប្ដឹងសមត្ថកិច្ច បន្ទាប់ពីបានទទួលព័ត៌មានពីមិត្តភ័ក្រក្មេងស្រីថា ពួកគេបាននាំគ្នាមកសម្ងំលាក់ខ្លួននៅផ្ទះសំណាក់ខាងលើនេះ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា កំពុងធ្វើការសាកសួរតាមនីតិវិធី និងរកឲ្យឃើញពីមូលហេតុអ្វីដែលពួកគេនាំគ្នាមកពពាក់ពពួនក្នុងបន្ទប់ផ្ទះសំណាក់នេះ ភ្លេចសាលារៀន ក្បត់ទំនុកចិត្តឪពុកម្ដាយ ជាពិសេសអ្នកមានគុណព្រួយបារម្ភណាស់ ខ្លាចកូនដើរផ្លូវខុស សេពគប់មិត្តភ័ក្រមិនល្អ ឬសេពគ្រឿងញៀននេះជាដើម៕
ដោយ៖ តុង សីហា