ខេត្តក្រចេះ៖ ទីតាំងលក់ឆ្នោតកន្ទុយលេខ ចាក់បាល់ ចំនួន២កន្លែងធំៗ កំពុងបើកលក់ដោយសេរីនៅកណ្តាលក្រុងក្រចេះ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅសំងំស្ងៀមធ្វើដូចមិនដឹងពីសកម្មភាពល្បែងស៊ីសង់ទាំងនេះ ហើយការបង្កើតឲ្យមានល្បែងស៊ីសង់នៅក្នុងមូលដ្ឋាននេះគឺផ្ទុយស្រលះពីគោលនយោបាយភូមិ-ឃុំមានសុវត្ថភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តឲ្យមានប្រសិទ្ធភាព ។
ជាមួយគ្នានេះពលរដ្ឋរស់នៅក្រុងក្រចេះបានស្នើឲ្យអាជ្ញាធរ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តត្រូវមានវិធានការជាបន្ទាន់លើទីតាំងលក់ឆ្នោតកន្ទុយលេខ ចាក់បាល់តាមបុងដៃ និងចាក់បាល់តាមប្រពន្ឋអ៊ីនធឺណេតចំនួន២កន្លែងធំៗ ដែលកំពុងបើកលក់ដោយចំហរនៅកណ្តាលក្រុងក្រចេះ។
ការស្នើសុំរបស់ពលរដ្ឋបានធ្វើឡើងក្រោយពីពួកគាត់បានមើលឃើញថា សព្វថ្ងៃនេះមានទីតាំងចាក់បាល់ចំនួន២កន្លែង ទី១-ឈ្មោះ ត្រាយ មុំ ដែលកំពុងបើកលក់ដោយជ្រកក្រោមស្លាកលក់គ្រឿងសង្ហារឹម និងទី២-ឈ្មោះ យ៉ុន ហើយទីតាំងទាំង២កន្លែងនេះ គឺបានបើកលក់ជាច្រើនឆ្នាំមកហើយ ដោយមិនមានការចាប់បង្ក្រាបពីសំណាក់អាជ្ញាធរនៅឡើយទេ ។
ពលរដ្ឋបានអះអាងថា ក្រៅពីមេឆ្នោតមេបាល់ទាំងពីកន្លែងនេះ បើកលក់ដោយសេរីនៅកណ្តាលក្រុងក្រចេះហើយនេះពួកគេក៏បានពង្រាយកូនចៅ ដែលគេហៅថា កូនកញ្ជ្រែងដើរលក់តាមផ្ទះ តាមភូមិ តាមហាងការហ្វេជាដើម ។ ដោយឡែកសម្រាប់អ្នកដើរលក់នោះវិញ បាននិយាយថា ពួកគាត់មិនមានការភ័យខ្លាច និងការចាប់បង្ក្រាបពីសំណាក់អាជ្ញាធរពាក់ពន្ឋនោះទេ ដោយពួកគាត់បានអះអាងប្រាប់ថា គឺមេរបស់ពួកគាត់បានទំនាក់ទំនងជាមួយសមត្ថកិច្ចពាក់ពន្ឋក្នុងខេត្តអស់ហើយ ។
យ៉ាងណាក៏ដោយពាក់ព័ន្ធនិងកន្លែងលក់បាល់ទាំង២ទីតាំងខាងលើនេះពលរដ្ឋសង្ស័យថា មេឆ្នោត មេបាល់ អាចនឹងត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចគ្រប់ស្ថាប័ន្ត ហើយបង់លុយជាខែទៅឲ្យសមត្ថកិច្ចទាំងនោះ ទើបសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរខេត្ត ធ្វើមិនដឹងមិនលឺ ទុកឲ្យល្បែងស៊ីសងគ្រប់ប្រភេទកើតមាននៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់ក្រង ។
ពលរដ្ឋបន្តថា អាជ្ញាធរគួរណាស់លុបបំបាត់ចោលឲ្យអស់នៅល្បែងស៊ីសង់ទាំងនេះ ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ ភូមិ-ឃុំ មានសុវត្ថិភាព សន្តិសុខសង្គម អស្ថិរភាពសង្គម និងអំពើហិង្សាជាដើម។ បន្ថែមពីលើនេះ ពលរដ្ឋពុំមានជំនឿថា សមត្ថកិច្ចពាក់ពន្ឋក្នុងខេត្ត មើលមិនឃើញបទល្មើសនេះនោះទេ ព្រោះបទល្មើសនេះគឺកើតឡើងនៅកណ្តាលក្រុងក្រចេះ ។
ដោយឡែកអភិបាលក្រុងក្រចេះលោក យិន វណ្ណៈ ធ្លាប់ឲ្យដឹងតាមទួរស័ព្ទថា រឿងនេះចាំមើលលោកស្រាវជ្រាវ ព្រោះកន្លងទៅក្នុងការប្រចាំគណៈបញ្ជាការឯកភាព លោកបានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចនឹងធ្វើការងារនឹងឲ្យបានម៉ត់ចត់ ហើយលោកនឹងឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ ។
យ៉ាងណាក៏ដោយពលរដ្ឋពុំមានជំនឿថា សមត្ថកិច្ចជំនាញក្នុងខេត្តនេះអាចចាប់បង្ក្រាបទីតាំងភ្នាល់បាល់ កត់កន្ទុយលេខ ទាំងនេះនោះទេ ព្រោះមេឆ្នោតមេបាល់ ពួកគេបានទំនាក់ទំនងត្រូវគ្នាជាលក្ខណៈប្រព័ន្ធរួចអស់ហើយ ទើបពួកគេបើកលក់ដោយចំហរបែបនេះ ៕
ដោយ៖ កោះទ្រុង