អាជ្ញាធរខេត្ត ទទួលពលករខ្មែរធ្វើការនៅប្រទេសថៃវិលចូលមកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈអាជ្ញាធរខេត្តរួមទាំងនគរបាលច្រកទ្វារអន្តរជាតិទទួលស្វាគមន៌យ៉ាងកក់ក្ដៅ ខណៈពលករខ្មែរធ្វើការនៅប្រទេសថៃវិលចូលមកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងឱកាសស្វាគមន៍និងសម្របសម្រួលពលករខ្មែរត្រឡប់ពីប្រទេសតាមច្រកទ្វារខាងលើ  គេឃើញវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតរួមទាំងអភិបាលរងខេត្តនិងក្រុងផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានប្រាប់ថា៖ពលករខ្មែរដែលធ្វើការនៅប្រទេសថៃសម្រុកចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតមានរយៈពេលជិត១សប្តាហ៍មកហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ ដើម្បីមកជួបជុំក្រុមគ្រួសារ។

លោកបានបញ្ជាក់ថាៈក្រោយពលករខ្មែរសម្រុកចូលកម្ពុជាតាមច្រុកទ្វារអន្តរជាតិប៉ោយប៉ែតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមកម្លាំងនគរបាលអន្តោប្រវេសន៍បានធ្វើការសម្របសម្រួលនិងស្វាគមន៍និងជូនអាហារសម្រន់មាននំប៉័ង១ ទឹកសុទ្ធ១ដប ក្រម៉ា១បើប្រៀបទៅរៀងរាល់ឆ្នាំពលករកម្ពុជាចូលមកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរមិនតិចជាង១០ម៉ឺននាក់ទេ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖នៅពេលពលករខ្មែរត្រឡប់ពីប្រទេសថៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ឆ្នាំ២០២៤ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យនិងមន្ត្រីនគរបាលអន្តោប្រវេសន៍បានធ្វើការសម្របសម្រួលជាមួយភាគីថៃច្រកខ្លងឡឹកដើម្បីពលករខ្មែរចួលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតបានងាយស្រួលនិងឆាប់។

ឯកឧត្តមបានបញ្ជាក់ថាៈជាការឆ្លើយតបតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជណាចក្រកម្ពុជាដើម្បីសម្របសម្រួលដល់ការវិលត្រលប់មកស្រុកកំណើតរបស់ពលរដ្ឋកម្ពុជាអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខាងមុខនេះរាជរដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃថៃបានអនុញ្ញាតិលើកលែងតម្លៃសេវាអនុញ្ញាតិចេញ.ចូល(Re-Entry Pemit)សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើដំណើរចេញ.ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ការលើកលែងតម្លៃសេវានេះគឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែននិងលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD)និងមានទិដ្ឋាការការងារ (Nom-immigration L-A Visaដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤រួមទាំងកូនមានអាយុក្រោម១៨ឆ្នាំដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុកនិងអនុញ្ញាតអោយស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕

  សួមរំលឹកថាៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ​បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លង​មក​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មក​ត្រឹម​៥០០​បាត​។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយចាប់ពីថ្ងៃទី ១ ខែ​មេសា​ដល់​ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print