ភ្នំពេញ៖ ហេតុការណ៍ហួសចិត្តមួយបានកើតឡើង បន្ទប់ពីបុរសជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក៦នាក់បានចូលទៅច្រៀងកម្សាន្តក្នុងហាងខារ៉ាអូខេនគរសំរិទ្ធិ ហើយបានបង្ករឿង ដោយអាងខ្លួនឯងមានលុយមកធ្វើសកម្មភាពវាយស្រ្តីមេការម្នាក់និងសន្តិសុខហាងបណ្ដាលឲ្យរងរបួស តែពេលសមត្ថកិច្ចមកដល់បានត្រឹមតែឃាត់ខ្លួនបានបន្តិចក៏ដោះលែងជនជាតិចិននោះឲ្យមានសេរីភាពវិញត្រឹមសំណង២០០ដុល្លារដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងហាងខារ៉ាអូខេនគរសំរិទ្ធិក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ លីន ដា ភេទស្រី អាយុ២៨ឆ្នាំ ជាមេការនាំនារីឲ្យភ្ញៀវ ស្នាក់នៅខាងក្រោយសណ្ឋាគារស សង្កាត់ផ្សារអូឫស្សី ខណ្ឌទួលគោក។ ចំណែកឯជនបង្កជាជនជាតិចិនមិនស្គាល់ឈ្មោះ មុខរបរបុគ្គលិកសាងសង់ស្ពានអាកាសនៃក្រុមហ៊ុន សៀងហៃ គ្រុប មុខងារជាវិស្វករសាងសង់ស្ពានអាកាសនៅម្ដុំស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនបង្កជាជនជាតិចិនមួយក្រុមមានគ្នា៦នាក់ បានចូលទៅច្រៀងសប្បាយកម្សាន្តនៅក្នុងហាងខារ៉ាអូខេខាងលើ ហើយក្រោយមកពេលកំពុងអង្គុយផឹកស៊ីសប្បាយ ដោយមាននារីមកអង្គុយលេងកំដរផង ។ក្នុងហេតុការណ៍មាននារីមេការដែលជាជនរងគ្រោះខាងលើ បានមកជល់កែវ ដើម្បីគួរសមភ្ញៀវ(ជនបង្ក) ស្រាប់តែពេលនោះជនរងគ្រោះ ត្រូវជនបង្កឲ្យនាងអកផឹកឲ្យអស់មួយកែរ តែនារីរងគ្រោះផឹកមិនអស់គាប់ជួននាងក៏បានឈឺពោះចង់ចូលបន្ទប់ទឹក ហើយកែវស្រារបស់មិនទាន់អស់នោះ ទើបនាងនិយាយប្រាប់ជនបង្កថា ចាំនាងចេញមកវិញនាងនឹងផឹកឲ្យអស់ ។ ពេលនោះជនបង្ក មិនព្រមឲ្យនារីរងគ្រោះទៅបន្ទប់ទឹកនោះទេ គឺទាល់តែផឹកអស់ស្រា១កែវសិនទើបឲ្យទៅបន្ទប់ទឹក បើទោះបីជារូបនាងព្យាយាមអង្វរសំពះក៏ដោយ ។
មួយសន្ទុះក្រោយមក ជនបង្កបានបោចសក់និងទះកំផ្លៀងនារីរងគ្រោះរូបនេះ២-៣ដៃដែលជាហេតុធ្វើអោយនាងទ្រាំមិនបានក៏បានតដៃវិញតែមិនឈ្នះ ជនបង្កជាបុរសនោះទេ ។ ពេលឃើញដូច្នេះ ជនបង្កបានយកដបស្រាមកវៀសចំក្បាលនារីរងគ្រោះថែមទៀត បណ្ដាលឲ្យពក ហើយក្រោយមកសន្តិសុខម្នាក់ដែលធ្វើការនៅទីនោះបានចូលមកជួយឃាត់ តែត្រូវបានជនបង្កវាយហើយជាន់ក្បាលពោះផ្ទប់ទៅនិងដី និងបង្កឲ្យខូចខាតសម្ភារនៅក្នុងបន្ទប់នោះអស់មួយចំនួន។
ប្រភពដដែលបានបន្តថា ក្រុមភ្ញៀវជនជាតិចិនដែលមកច្រៀងកម្សាន្តខាងលើ គ្មានសីលធម៌ក្នុងខ្លួននោះទេ ពេលខ្លះពួកគេយកដៃច្របាច់កំប៉ះគូទ និងលាត់សំពត់នារីៗខារ៉ាអូខេទាំងអស់ដែលនៅក្នុងនោះហើយ អ្វីដែលគួរឲ្យអាម៉ាស់នោះនារីរងគ្រោះត្រូវបានជនបង្កវាយរហូតរាគអាចន៍ដាក់សំពត់ក៏មានដែរ ។ ក្រោយពេលកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកល្អក់២ ដើម្បីសាកសួរ។
បើតាមសម្ដីសមត្ថកិច្ចមូលដ្ឋានដែលបានសាកសួរជនបង្កវិញបាននិយាយថា ភ្ញៀវនេះជាអាណិកជន (ជនជាតិចិន) ហើយគេចូលមកច្រៀងកម្សាន្តដោយចាយលុយអសើច្រើនណាស់ ។
ក្រោយពេលកើតហេតុជនបង្កបាននិយាយសុំទោសនារីរងគ្រោះនិងទទួលកំហុសយល់ ព្រមសងសំណងចំនួន២០០ដុល្លារទៅនារីរងគ្រោះ និងការខូចខាតសម្ភារក្នុងហាងនោះដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ៕
ដោយ៖ ស ដារ៉ា