ភ្នំពេញ៖ តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រភ្លាមៗក្រោយមានជំងឺត្បៀតសរសៃឈាមធ្ងន់ធ្ងរ។ ការបញ្ជូនមកសង្គ្រោះបន្ទាន់នេះចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ម៉្លេះ ប៉ុន្តែរហូតមកដល់ថ្ងៃទី២០ ខែកក្កដា នេះ នៅមិនទាន់មានភាពប្រសើរនៅឡើយ។
តារាកំប្លែង តា សង់ស៊ីស មានវ័យ៧១ឆ្នាំហើយ ហើយក្រុមគ្រួសារត្រូវបញ្ជូនមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាញឹកញាប់ព្រោះតែវ័យជរា និងមានជំងឺប្រចាំកាយលើសឈាមជាដើម។
តារាចម្រៀង ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីបញ្ជាក់ថា ៖ ឪពុករបស់នាងត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្គរធំកាលពីថ្ងៃទី១៩ ខែកក្កដា នេះក្រោយពីមានអាការៈក្អួតចង្អោខ្លាំងរហូតដល់ទាញមុខទាញមាត់នោះ។ នាងបន្តថា ដោយសារស្ថានភាពជំងឺមិនប្រសើរនាងបន្តបញ្ជូនឪពុកមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ហើយពេលនេះត្រូវស្ថិតក្រោមការពិនិត្យតាមដានរបស់ក្រុមវេជ្ជបណ្ឌិតនៅទីនេះនៅឡើយ។
នាងបានបន្តថា ក្រុមគ្រូពេទ្យនឹងបន្តពិនិត្យនិងត្រូវឆ្លុះខួរក្បាលដើម្បីប្រាកដថា មិនមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាលដោយសារតែមានអារៈក្អួតចង្អោរខ្លាំង។
នាងបញ្ជាក់ថា ដោយវ័យចាស់ជរា និងមានជំងឺប្រចាំកាយឪពុករបស់នាងខកខានក្នុងការឡើងសម្តែងនៅតាមកម្មវិធីនានាអស់ជាច្រើនខែមកហើយ នាងរំពឹងដែរថា ស្ថានភាពជំងឺរបស់ឪពុកនាងនឹងមានភាពប្រសើរឡើងវិញ៕
ដោយ៖ វឌ្ឍនា