ភ្នំពេញ÷ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនាពេលខាងមុខនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុម ប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរ សុខទុក្ខ និងប្រគល់អំណោយជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិកមូលនិធិត្រី ចក្រយានកម្ពុជា លោក ឃួង ស្រេង ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ពីសមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។លោក ឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាម រយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នង ការសមាគមកាយឫទ្ធិនារីកម្ពុជាមានប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលយុវតី-យុវនារីកម្ពុជា ឲ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ និងអាចបំពេញការ ងារក្នុងសង្គមបានយ៉ាងល្អប្រសើរបន្ថែមពីនេះសមាគម ក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌សង្គមដទៃផ្សេងទៀតផងដែរ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌នេះ ដើម្បីចែក រំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ។
អំណោយសម្រាប់ចែកជូនលោកអុំ លោកពូប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់នេះ ដោយក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី២កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស,ភួយ-មុង-ខ្នើយកើយ ១ឈុត, ក្រមា១, មួក១, អាវយឺត១, អាវក្រណាត់១, ខោ ២, ស្បែកជើង១គូ, អាវភ្លៀង១, ដបទឹក១, ច្រាសនិងថ្នាំដុសធ្មេញ១ឈុត, សាប៊ូដុសខ្លួន-កក់សក់១ឈុត, ថ្នាំពេទ្យ TYDA ១ឈុត, អាហារ១ កញ្ចប់ និងថវិកាចំនួន៤០ម៉ឺនរៀលបន្ថែមទៀត។
គួរបញ្ជាក់ថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង២៩៦ នាក់នេះ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន២១ ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបានបីដង។ ក្រៅពីប្រាក់ខែក៏មានបាក់ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ៥ម៉ឺន រៀលទៀត។ គួរបញ្ជាក់ថាមូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំង៕