ប្រជាពលរដ្ឋស្រុកស្អាងប្រតិកម្មរោងចក្របង្ហូរទឹកស្អុយគីមីចូលបឹងនិងស្រែ

ចែករំលែក៖

ខេត្ដកណ្កាល៖ ប្រជាពលរដ្ឋ៤ភូមិ រួមមាន ភូមិព្រែកសំរោង ភូមិព្រែកថ្មី ភូមិ ព្រែកឡុង និងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលប្រកាសថា នេះ ជាជម្រើសចុងក្រោយ ហើយព្រោះពួកគាត់ មិនអាចអត់ទ្រាំទៀតបានទេខណៈដែលសួនឧស្សាហកម្មស៊ូចូវបង្ហូរទឹកស្អុយ គីមី ចូលបឹងធម្មជាតិ និងដីស្រែចម្ការរបស់ពួកគាត់បណ្តាលឱ្យទឹកស្អុយខូចមិនអាចប្រើប្រាស់ធ្វើស្រែចម្ការ និងនេសាទបាន ។

...

លោក ហាច ហៃ តំណាងឱ្យពលរដ្ឋ ក្នុងភូមិព្រែកឡុង លោក ម៉ាន់ ម៉ុង នៅភូមិ ព្រែក ខ្សេវ និងលោក វិន រ៉ាម៉េត នៅភូមិ ព្រែកសំរោងបានលើកឡើងថា រោងចក្រ បានបង្ហូរទឹកស្អុយ ដែលមានសារធាតុគីមី សំណល់ពីការបោកគក់ គឺជិត២ខែមក ហើយ។ ពួកគាត់បានបន្តថា ដើមឡើយ រោងចក្រដាក់ទុយយោបង្ហូរចូលបឹងទំហំ តែប្រមាណ២តឹកប៉ុណ្ណោះដោយសារហូរ មិនទាន់ក្រុមហ៊ុនក៏ដាក់ទុយោទំហំ៦តឹក បន្ថែមទៀតធ្វើឱ្យទឹកក្នុងបឹងប្រែទៅជា ពណ៌ខ្មៅស្អុយប្រើលែងកើតស្រោចដំណាំ ក៏មិនកើតធ្វើស្រែក៏មិនបានរកត្រី ក៏មិន កើតគឺស្អុយហើយរមាស់ទៀតផង ។ ចំណែកដីស្រែចម្ការរបស់ពួកគាត់ជាង ៥០០ហិកតាត្រូវបង្ខំចិត្តបោះបង់ចោល ទាំងអស់ ។

ហេតុដូច្នោះ ពួកគាត់ក៏បានប្តឹងទៅមេ ភូមិមេឃុំ ច្រើនលើកច្រើនសាមកហើយ ប៉ុន្តែគ្មានដំណោះស្រាយឡើយ ហើយ នេះជាជម្រើសចុងក្រោយហើយប្រសិននៅតែគ្មានចំណាត់ការនិងដោះស្រាយនោះទេ ។

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់នឹងនាំគ្នាធ្វើបាតុកម្មនៅមុខរោងចក្រនិងដង្ហែទៅសាលាខេត្តឱ្យអាជ្ញាធរខេត្តកណ្តាល ជួយដោះស្រាយព្រោះពួកគាត់រំពឹងតែលើស្រែចម្ការនិងការនេសាទចុះបើធ្វើអ្វីមិន បានកើតនោះតើឱ្យពួកគាត់សង្ឃឹមលើ អ្វីទៅ?

ទាក់ទងនឹងការចោទប្រកាន់នេះ ស្ត្រី ដែលជាតំណាងរោងចក្រមិនបានប្រាប់ឈ្មោះបានប្រាប់តាមទូរស័ព្ទថា ប្រជាពល រដ្ឋតែងបង្កបញ្ហាជាមួយក្រុមហ៊ុនច្រើន លើកមកហើយព្រោះចង់បានលុយកាក់ ។ ប៉ុន្តែដោយគ្មានការពិតទើបក្រុមហ៊ុនមិនដោះស្រាយឱ្យហើយបើការពិតនោះ គឺប្តឹង ទៅអាជ្ញាធរហើយ មិនមែនប្រាប់ទៅអ្នកសារព័ត៌មាននោះទេហើយចង់ផ្សាយអីក៏ ផ្សាយទៅ ។

មេឃុំរកាខ្ពស់ លោកឈឿង ឆូ ទទួល ស្គាល់ថា ពិតជាមានការបង្ហូរទឹកស្អុយពី រោងចក្រចូលបឹងធម្មជាតិនិងដីស្រែពល រដ្ឋប្រាកដមែនហើយលោកក៏ធ្លាប់បានធ្វើ របាយការណ៍ដាក់ជូនទៅលោកអភិបាលស្រុកហូរហែមកហើយដែរ ។

លោក អូម ផាត់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្តាលបានមានប្រសាសន៍ថា ករណី នេះ លោកធ្លាប់បានបញ្ជូនមន្ត្រីចុះទៅពិនិត្យហើយ ប៉ុន្តែដោយសារយើងមិនមានមន្ទីរ ពិសោធន៍សម្រាប់ត្រួតពិនិត្យទៅលើគុណភាពទឹកលោកក៏បានធ្វើរបាយការណ៍ បញ្ជូនទៅលោករដ្ឋមន្ត្រីរួចរាល់ហើយ ហើយខាងក្រសួងក៏នឹងចុះមកត្រួតពិនិត្យនាពេលឆាប់ៗខាងមុខនេះ ។

លោក ពុធ សុរិទ្ធី ប្រធាននាយកដ្ឋាន បំពុលសំណល់រាវ ក្រសួងបរិស្ថានបានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា ក្រសួងបានទទួល របាយការណ៍ពីមន្ទីរហើយ ហើយក៏បានឱ្យខាងមន្ទីរបរិស្ថានខេត្តចុះទៅពិនិត្យម្តងរួចមកហើយៗនឹងចុះទៅពិនិត្យនាពេលឆាប់ៗខាងមុខនេះម្តងទៀត ប្រសិនបើមានរឿង ដូច្នោះមែន គឺមិនអនុញ្ញាតជាដាច់ខាតព្រោះវាខុសនឹងច្បាប់ លោកក៏បានបញ្ជាក់ ដែរថា ទឹកសំណល់ពីការបោកគក់ចេញ ពីរោងចក្រ មុននឹងបង្ហូរចូលទៅក្នុងបឹង ព្រែក ទន្លេ….នោះ គឺត្រូវតែធ្វើការចម្រោះ ឱ្យអស់សារធាតុ គីមីក្លាយទៅជាទឹកល្អ សិនទើបអនុញ្ញាត ៕

1 (1)

1 (2)

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print