ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ! ក្រសួងសុខាភិបាល ត្រៀមឈាម ៥០០ប្លោក ជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​លោកស្រី​វេជ្ជបណ្ឌិត មើក សាមាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ២០២៤នេះ​ថា​ ក្រសួងសុខាភិបាល បាន​ត្រៀម​ឈាម ៥០០ ប្លោក ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ដោយសារតែ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ក្នុង​ចំណោម​ពិធីបុណ្យ​ធំៗ នៅ​ប្រទេស​កម្ពុជា។

លោកស្រី​វេជ្ជបណ្ឌិត​ បានគូសបញ្ជាក់​ថា​ ការ​ត្រៀម​ឈាម​ប្រមាណ ៥០០ ប្លោក នេះ ដោយសារ​នៅ​ឆ្នាំនេះ​មាន​ការ​រៀបចំ​សង្ក្រាន្ត​តាម​បណ្តា​រាជធានី-ខេត្ត នៅ​ទូទាំង​ប្រទេស និង​អាច​នឹង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា និង​ស្រុកកំណើត​ច្រើន។

លោកស្រី​វេជ្ជបណ្ឌិត ថ្លែង​បន្ត​ថា ឈាម ៥០០ ប្លោក​នេះ សម្រាប់​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​អ្នកជំងឺ​មួយ​ចំនួន​ដូចជា ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការ​វះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការ​ហូរ​ឈាម​មិន​ប្រក្រតី​នៅមុន និង​ក្រោយពេល​សម្រាល​កូន ជំងឺ​ខ្សោយ​តម្រងនោម និង​ការ​ព្យាបាល​ថែទាំ​ជំងឺ​មហារីក​ជាដើម។

បន្ថែមពីនេះ​ លោកស្រី​វេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា​ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ សូម​ប្រជាពលរដ្ឋ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​នៅ​ពេល​ដែល​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កាត់បន្ថយ វា​នឹង​ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឈាម​ផង​ដែរ ដោយ​បង្វិល​ឈាម​ទាំងនោះ​ទៅ​ជួយ​ដល់​អ្នកជំងឺ​ត្រូវការ​ឈាម​ជា​ចាំបាច់។

...

ជាមួយគ្នានេះ​ លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជាពិសេស​ក្រុម​យុវជន បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ឲ្យ​បាន​ទាន់​ពេលវេលា ខណៈ​បច្ចុប្បន្ន​ការ​ផ្តល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ដែល​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​អ្នកជំងឺ​ផ្តល់​ឈាម​ជំនួស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print