ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គុណភាពចំណីអាហារគឺសំខាន់ណាស់ ព្រោះការហូបចុកតាំងពីក្មេងអាចប៉ះពាល់ពេលចាស់ទៅ ដូច្នេះការគិតគូរអាហាររូបត្ថម្ភក្នុងសាលា និងក្នុងផ្ទះគឺជាកិច្ចការសំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការផលិតផលិតផលដែលមានបច្ចេកទេសខ្ពស់គុណភាពខ្ពស់ អនាម័យ និងសម្រាប់សុខភាពពិតប្រាកដ គឺជាអ្វីដែលយើងត្រូវលើកទឹកចិត្ត ហើយសង្ឃឹមថា ផលិតផលក្នុងស្រុកជាច្រើននឹងបានដើរតួនាទីកាន់តែសំខាន់ក្នុងការជំនួសទៅឱ្យផលិតផលនាំចូលពីក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៩ ពិភពលោកចាប់ផ្តើមមានជំងឺរាតត្បាតបូកជាមួយអតិផរណាសេដ្ឋកិច្ច បន្ទាប់មកសង្គ្រាមផ្ទុះផ្ទួនៗទៀត ប៉ុន្តែ សេដ្ឋកិច្ចរបស់កម្ពុជា មកដល់ម៉ោងនេះបើទោះមានការថយចុះបន្តិចជំនាន់កូវីដ១៩ ប៉ុន្តែ សេដ្ឋកិច្ចក៏បានកើនឆ្នាំទៅ ៥,៦ភាគរយ ឆ្នាំ២០២៤រំពឹង ៦,៦ភាគរយ តាមរយៈការធានានូវលំនឹង ហើយស្ថានភាពសេដ្ឋកិច្ចកើនឡើង បើទោះបីចំណូលប្រជាពលរដ្ឋអាចប៉ះពាល់ ដោយសារបញ្ហាអតិផរណា ប៉ុន្តែនៅពេលជាមួយគ្នាសេដ្ឋកិច្ចរបស់កម្ពុជា នៅមានការរស់រវើក តាមរយៈការបន្តបណ្តាក់ទុនវិនិយោគថ្មីៗដែលនេះមានជាក្តីសង្ឃឹមនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បញ្ហាវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល ខណៈមានក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា។ សម្រាប់ប្រទេសកម្ពុជា មកដល់ម៉ោងនេះកំណើនសេដ្ឋកិច្ចគឺបានរក្សាលំនឹង ហើយរាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ហើយវិស័យវិស័យទេសចរណ៍ក៏បានជំរុញឱ្យមានកំណើនឡើងវិញ ព្រមទាំងវិស័យមួយជំនួនជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា បន្ទាប់ពីវិបត្តិរាតត្បាតជំងឺកូវីដ១៩ ព្រមទាំងបញ្ហាវិបត្តិសង្គ្រាមផ្ទួនៗគ្នានៅបណ្តាប្រទេសមួយចំនួន គឺជាដំណាក់កាលមួយដែលកម្ពុជា កំពុងតែខិតខំប្រឹងប្រែងស្តារ និងមានកំណើនសេដ្ឋកិច្ចឡើងវិញ នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ ៕