ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងឱ្យដឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា ក្រសួងសុខាភិបាល បានត្រៀមឈាម ៥០០ ប្លោក ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ដោយសារតែពិធីបុណ្យចូលឆ្នាំខ្មែរមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងចំណោមពិធីបុណ្យធំៗ នៅប្រទេសកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ការត្រៀមឈាមប្រមាណ ៥០០ ប្លោក នេះ ដោយសារនៅឆ្នាំនេះមានការរៀបចំសង្ក្រាន្តតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស និងអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្រុកកំណើតច្រើន។
លោកស្រីវេជ្ជបណ្ឌិត ថ្លែងបន្តថា ឈាម ៥០០ ប្លោកនេះ សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះ និងអ្នកជំងឺមួយចំនួនដូចជា ការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសម្រាលកូន ជំងឺខ្សោយតម្រងនោម និងការព្យាបាលថែទាំជំងឺមហារីកជាដើម។
បន្ថែមពីនេះ លោកស្រីវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះ សូមប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ វានឹងជួយកាត់បន្ថយការប្រើប្រាស់ឈាមផងដែរ ដោយបង្វិលឈាមទាំងនោះទៅជួយដល់អ្នកជំងឺត្រូវការឈាមជាចាំបាច់។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន បន្តចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗ គ្នា ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមឲ្យបានទាន់ពេលវេលា ខណៈបច្ចុប្បន្នការផ្តល់អំណោយឈាមដោយស្ម័គ្រចិត្តនៅមានចំនួនតិចតួចនៅឡើយ ដែលតម្រូវឲ្យក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកជំងឺផ្តល់ឈាមជំនួស៕ដោយ៖តារា