ភ្នំពេញ៖ បុរសជាជាងអ៊ុតម៉ូតូ ឡាន កាត់តែមបិទUV ម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះ អេផល ស្ទីកគ័រ អ៊ុតម៉ូតូ ឡាន កាត់តែម បិទUV ផ្ទះលេខ៦០៣ ផ្លូវលេខ៣១០ ក្រុម១ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ ម៉ាក គឹមណៃ អាយុ២៤ឆ្នាំ មុខរបរជាងអ៊ុតម៉ូតូ ឡាន កាត់តែមបិទUV ស្នាក់នៅបន្ទប់ផ្ទះ អេផល ស្ទីកគ័រ អ៊ុតម៉ូតូ ឡាន កាត់តែមបិទUV ខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីបងប្រុសបានប្រាប់ថា មុនកើតហេតុបានគេអត់ឃើញជនរងគ្រោះបានដេកនៅកន្លែងធ្វើការផ្ទះ អេផល ស្ទីកគ័រ អ៊ុតម៉ូតូ ឡានខាងលើ។ លុះដល់ព្រឹកឡើងខ្លួនដែលជាបងប្រុសក៏បានមកបើកទ្វាររួចក៏បានទៅបើកទ្វារបន្ទប់ដែលប្អូនប្រុសដេកនោះក៏ឃើញនៅលើប៉ៅអីុដោយស្មានតែដេកលក់ក៏បានទៅដាស់ពេលនោះក៏បានដឹងថាប្អូនបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះបងប្រុសបានទាក់ទងទៅសមត្ថកិច្ចមូលដ្នានដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុុះមកធ្វើកោសល្យវិច័យផងដែរ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុុះមកធ្វើកោសលវិច័យអស់ពេលជាង២ម៉ោងរួចមក ខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះនេះស្លាប់ដោយសារតែខ្យល់គរ “គាំងបេះដួង”។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
ដោយ៖ ស រស្មី