ខេត្តស្វាយរៀង៖ បុរស់ម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៦ ដោយជាប់ចោទពីបទគេចវេសមិនចូលខ្លួនមកបំភ្លឺក្នុងរឿងបើកបររថយន្តបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ម្នាក់កាលអំឡុងឆ្នាំ២០១៤ កន្លងទៅ។
...
មន្រ្តីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះឈ្មោះ មើក សុផាត អាយុ២៨ឆ្នាំ
មុខរបរជាអ្នកបើកបររថយន្តឲ្យកាស៊ីណូ ឡាស្វីហ្គាស់សាន់ ក្រុងបាវិត មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ហើយការចាប់ខ្លួនជនត្រូវចោទនេះគឺសមត្ថកិច្ចចាប់តាមដីការបស់តុលាការជាប់ចោទពីបទគេចវេសមិនចូលខ្លួនបំភ្លឺនៅតុលាការក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នៅក្រុងបាវិតកាលពីអំឡុងឆ្នាំ២០១៤ ក៏ត្រូវលោកព្រះរាជរងចេញដីកាចាប់ខ្លួន។
បើតាមមន្រ្តីនគរបាលក្រុងបាវិតម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះពុំមែនបង្កឡើងដោយឈ្មោះ មើក សុផាត នោះទេ នៅយប់កើតហេតុជនត្រូវចោទបើកបររថយន្តដឹកភ្ញៀវឲ្យកាស៊ីណូ ឡាស្វីហ្គាស់សាន់ តាមបណ្តោយផ្លូវជាតិលេខ១ក្នុងក្រុងបាវិត ខណៈនោះជនរងគ្រោះបានបើកម៉ូតូចូលរថយន្តរបស់ជនត្រូវចោទ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយបានស្លាប់ពេលយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍មកក្រុមហ៊ុនធានារាប់រងរបស់ក្រុមហ៊ុនកាស៊ីណូ ឡាស្វីហ្គាស់សាន់ បានចូលដោះស្រាយនិងសងសំណងដល់ក្រុមគ្រួសារជនរងគ្រោះ ហើយគ្រួសារជនរងគ្រោះក៏បានដកពាក្យបណ្តឹងពីសមត្ថកិច្ចយល់ព្រមតាមការសម្រុះសម្រួលយកប្រាក់ទៅធ្វើបុណ្យសព។ ក៏ប៉ុន្តែជនត្រូវចោទនៅជាប់បណ្តឹងអាជ្ញា ការផ្តល់សំណងដល់គ្រួសារនរងគ្រោះគឺបញ្ចប់ក្នុងរឿងសំណងរដ្ឋប្បវេណីប៉ុណ្ណោះ រីឯ បណ្តឹងអាជ្ញាមិនទាន់រលត់ទេ (ជាប់បណ្តឹងអាជ្ញា) ដោយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់គឺជារឿងក្តីព្រហ្មទណ្ឌ ហើយក្នុងគតិច្បាប់ ករណីព្រហ្មទណ្ឌព្រះរាជអាជ្ញាជាដើមបណ្តឹង ចំពោះករណីជនត្រូវចោទត្រូវចាប់ខ្លួនមូលហេតុជនត្រូវចោទមិនព្រមចូលខ្លួនមកបំភ្លឺតាមកាកោះហៅរបស់តុលាការសាលាដំបូងខេត្តទើបតុលាការចេញដីកាចាប់ខ្លួននិងបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦៕
ដោយ៖ យឹម សុថាន
...