ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាមានទំហំប្រមាណ ៦,២៦ ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣ ពាន់លានដុល្លារ។ នេះបេីយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
ទិន្នន័យដដែល បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៣ខែ ពីខែមករា ដល់ខែមីនា សម្រេចបានជាង ១២.៤៩ ពាន់លានដុល្លារ កើនឡើង១១.៩%។
សូមជម្រាបថា ប្រទេសគោលដៅសំខាន់ៗសម្រាប់ការនាំទំនិញចេញពីកម្ពុជាមានដូចជា៖ សហរដ្ឋអាមេរិក ដែលមានតម្លៃជិត ២ ពាន់លានដុល្លារ ,វៀតណាមមានជិត ១ ៤០០ លានដុល្លារ ,ចិនមានជាង ៣៦៦ លានដុល្លារ ,ជប៉ុនមានជាង ៣៦៥ លានដុល្លារ និងថៃមានជាង ២៨៥ លានដុល្លារ។
ចំណែកទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់មានតម្លៃជាង ២ ពាន់លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបានមានជាង ៤០៧ លានដុល្លារ, ធញ្ញជាតិមានជាង ៧១០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វមានជាង ៤៤៨ លានដុល្លារ។
ដោយឡែកទំនិញនាំចូលសំខាន់ៗមានដូចជា៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល រួមទាំងម៉ាស៊ីននិងឧបករណ៍អគ្គិសនីជាដើម៕ដោយ៖តារា