ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយនារីរងគ្រោះជិះដេញតាមក្រោយស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរព្យាយាមជិះម៉ូតូរត់គេចខ្លួនក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីបណ្តាលឱ្យដួលប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចដើម្បីសួរនាំ។
ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងបុរីឈូកវ៉ា២ ភូមិតឹក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ឆម ធីតាភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យ ៖១/ឈ្មោះ ជី សម្បត្តិ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មាន ទីលំនៅបច្ចុប្បន្ន ភូមិព្រៃជី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២/ឈ្មោះ ហាន កញ្ញា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មាន ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CO-4289ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងគោលបំណងទៅផ្សារឈូកវ៉ា២ដើម្បីទិញអីវ៉ាន់ដោយទុកទូរស័ព្ទម៉ាកអាយហ្វូន១៣ ប្រូម៉េកដាក់ក្នុងហោប៉ៅម៉ូតូខាងមុខ ខណៈពេលមកដល់ចណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២៣ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1KL-1376ធ្វើដំណើរមកតាមក្រោយហើយធ្វើសកម្មភាពលូកឆក់យកបានសម្រេចហើយភ្លាមៗនោះនារីរងគ្រោះបានជិះម៉ូតូដេញតាមក្រោយក៏ស្រែឆោឡោធ្វើឱ្យក្រុមជនសង្ស័យភ័យស្លានស្លោរព្យាយាមជិះរត់គេចខ្លួនជ្រុលចង្កូតទៅបុកម៉ូតូកង់បីបណ្តាលអោយដួលប្រជាពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋាបាលសំរោងក្រោមដើម្បីសួរនាំបន្ត។
ប្រភពពត៌មានបានបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលសំរោងក្រោមធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការទៅតាមនិតិវិធីច្បាប់៕ ដោយ៖សុខាសែនជ័យ