ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសលោក អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យស្ថានភាពការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅវិទ្យាល័យជប់ វារី ក្នុងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បន្ទាប់ពីបានជំរុញឱ្យអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការជាមួយគ្រប់សាលារៀន ដើម្បីជួយអន្តរាគមន៍គ្រប់មធ្យោបាយដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នារដូវក្តៅនេះដូចជា៖ ការជួយតបណ្តាញទឹកនៅតាមទីធ្លាសាលាដើម្បីកាត់បន្ថយកំដៅសីតុណ្ហភាព ការថែទាំសុខភាព និងការការពារអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ រួចមក លោកបានថ្លែងបន្តដោយលើកឡើងពីអត្ថប្រយោជន៍នៃដើមឈើនៅតាមទីសាធារណនានា គឺជួយដល់បរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង ម្លប់ដ៏ត្រជាក់ ទប់ទល់ខ្យល់កន្ត្រាក់ ជាពិសេសកាត់បន្ថយនូវកម្តៅសីតុណ្ហភាព ។
ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានស្នើសុំឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើជាប្រចាំនៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន និងបំផុសចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើរួមទាំងដាំដើមឈើហូបផ្លែ ឱ្យបានគ្រប់ទីកន្លែងទាំងអស់តាមលទ្ធភាពដែលអាចដាំបានទូទាំងខេត្តបន្ទាយមានជ័យ ហើយលោកនឹងចូលរួមផ្តល់កូនឈើចំនួន២ម៉ឺនដើមក្នុងចលនាដាំដើមឈើនេះ។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន រួមមាន៖
១.លោកគ្រូ អ្នកគ្រូ ចំនួន៧៥នាក់ ម្នាក់ៗទទួលបានសារ៉ុងមួយ និងថវិកា១ម៉ឺនរៀល ។
២.ឧបត្ថម្ភដល់វិទ្យាល័យជប់ វារី ថវិកាចំនួន២លានរៀល៕ដោយ៖តារា