ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពកាប់ប្រហារស្ត្រីជាប្រពន្ធដោយកាំបិតប៉័ងតោ បន្ទាប់ពីបានដឹកថា ស្ត្រីជាប្រពន្ធប្តឹងសុំលែងលះទៅតុលាការ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនល្មើសជាប្តីឈ្មោះ ម៉ង់ យន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកផលិតពាងទឹក រីឯស្ត្រីរងគ្រោះឈ្មោះ រ៉ូ ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនដៃដល់និងស្ត្រីរងគ្រោះបច្ចុប្បន្នរស់នៅផ្ទះជាមួយគ្នា ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនល្មើសជាប្តីបានទទួលការដោះហៅឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងសុំលែងលះរបស់ស្ត្រីជាប្រពន្ធ ។
បន្ទាប់មកជនល្មើសក៏កើតក្តីខឹងសម្បាដើរទៅផឹកស្រាឲ្យកាន់តែចិត្តសឿង ទើបត្រឡប់មករករឿងឈ្លោះប្រកែកជាមួយស្ត្រីជាប្រពន្ធជម្លោះកាន់តែខ្លាំងឡើងៗ ជនល្មើសក៏បានស្ទុះទាញកាំបិតប៉័ងតោកាប់ប្រហារស្ត្រីជាប្រពន្ធ តែមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះទេ ដោយសារស្ត្រីរងគ្រោះដឹងខ្លួនគេចទាន់ពេលវេលា ពោលគឺបណ្តាលឲ្យរបួសមុតលើដៃបន្តិបន្ទួច ។
ក្រោយមកប្រជាពលរដ្ឋនិងសមត្ថកិច្ចបានអន្តរាគមន៍ចាប់ខ្លួនជនល្មើសបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ស្អាងជ័យ