ខេត្តមណ្ឌលគិរី ៖ ផ្ទះមួយខ្នងស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានម្ចាស់បំណុលមករុះរើយកអស់គ្មានសល់ ដោយបន្សល់ទុកតែដីធ្វើឲ្យម្ចាស់ផ្ទះគ្មានកន្លែងជ្រក បន្ទាប់ពីត្រឡប់មកពីលេងផ្ទះបងប្អូនវិញ។
មូលហេតុដែលនាំឲ្យមានការរុះរើផ្ទះខាងលើនេះគឺដោយសារតែប្តី-ប្រពន្ធមួយគូ ដែលកំពុងមានកូនតូចៗចំនួន២នាក់ បានខ្ចីលុយគេមួយចំនួន យកទៅរកស៊ី ប៉ុន្តែថ្លៃការបានកើនឡើងជាបន្តបន្ទាប់រហូតដល់៤ពាន់ដុល្លារ ធ្វើឲ្យពួកគេគ្មានលុយសង ហើយក៏ត្រូវម្ចាស់លុយចុះមករុះរើផ្ទះតែម្តង ខណៈដែលពួកគេទៅលេងបងប្អូន។
លោក ខ្វើង ខត អាយុ២៨ឆ្នាំ ជាជនជាតិព្នង មានប្រពន្ធឈ្មោះ អ៊ុន សុភាព អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនដំបូងពួកគេបានទៅចងការលុយពីឈ្មោះ ឡឹក ផល្លី មានប្រពន្ធឈ្មោះ ភុន ណារី ចំនួន៤០ម៉ឺនរៀល រួចបន្តខ្ចី១លានរៀលថែមទៀត ពី៣ទៅ៤ដង ដោយម្ចាស់ប្រាក់កំណត់ថា១លានរៀលយកការប្រាក់ ៣៧៥,០០០រៀល ហើយគាត់បានព្យាយាមបង់ការប្រាក់ជារៀងរាល់ខែមិនដែលខាននោះទេ។
លោកបញ្ជាក់ថា ១ខែចុងក្រោយនេះ គាត់មិនបានបង់ការប្រាក់នោះទេ ស្រាប់តែម្ចាស់ប្រាក់បានបូកទាំងដើមទាំងការបញ្ចូលគ្នា ហើយឃើញថា គាត់ជំពាក់សរុបជាង ៤.០០០ដុល្លារ។
លោកបន្ដថា ប៉ុណ្ណឹងក៏ប៉ុណ្ណឹងចុះគាត់ព្រមទទួលសងមិនប្រកែកឡើង ស្រាប់តែគ្រួសាររបស់គាត់ជាប់រវល់ទៅលេងផ្ទះបងប្អូនតែមួយថ្ងៃ លុះត្រឡប់មកវិញក៏ស្រាប់តែផ្ទះរបស់ខ្លួនខ្ទេចម៉ត់អស់គ្មានសល់៕
ដោយ៖ សហការី