ខេត្តកំពង់ឆ្នាំង៖ គ្រាប់បេ៤០មួយគ្រាប់បានផ្ទុះលាន់រំពងក្នុងភូមិ បណ្តាលឱ្យបុរស៤នាក់រងរបួសធ្ងន់និងស្រាល ក្រោយពេលដែលជនរងគ្រោះបានយកគ្រាប់នោះទៅបោះលេង ។ ហេតុការណ៍ផ្ទុះគ្រាប់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៦ និង២០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកោះមនោ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុផ្ទុះគ្រាប់នេះ ១. ឈ្មោះ សេន ម៉ាលិច ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម ( រងរបួសស្រាល ) ២.ឈ្មោះ សេន ហ្វីស ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម (រងរបួសស្រាល ) ៣.ឈ្មោះ សេន សារី ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរអ៊ិស្លាម(រងរបួសធ្ងន់) ៤. ឈ្មោះ សេន ពូកៅ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម(រងរបួសធ្ងន់)។ ជនរងគ្រោះទាំង៤នាក់នេះ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឱ្យមានករណីផ្ទុះគ្រាប់នេះ ដោយសារតែដំបូងជនរងគ្រោះឈ្មោះសេន ម៉ាលិច ឃើញគ្រាប់ដែលទុកចោល រើសយកទៅបោះលេង ហើយពេលដែលជនរងគ្រោះបោះលើកទី១ គ្រាប់បេ៤០នេះមិនផ្ទុះនោះទេ រួចក៏បោះគ្រាប់ដដែលនេះម្តងទៀតជាលើកទី២ក៏បណ្តាលអោយផ្ទុះតែម្តង និងបង្កឱ្យរងរបួសធ្ងន់និងស្រាលទាំង៤នាក់នេះតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ចន្ថា