ត្រជាក់ត្រជុំណាស់ ! ភ្លៀងមួយមេធំ ទឹកហូរលិចផ្លូវ ក្នុងស្រុកចំនួន២ នៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖  បើតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប បង្ហាញថា ៖ យ៉ាងហោចណាស់ ក៏មានផ្លូវមួយចំនួនក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានទឹកភ្លៀងជន់លិច នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ (គិតត្រឹម ម៉ោង ១៧និង០០នាទីល្ងាច)។

ក្នុងនោះករណីជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ៖នៅវេលាម៉ោង ១២និង៤០នាទី មានភ្លៀងធ្លាក់១មេធំ បណ្តាលឱ្យបរិមាណទឹកភ្លៀងមានចំនួនច្រើន និងបានហូររំលងផ្លូវ១កន្លែង នៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រង់ចំណុចភ្នំម្រេច។ ចំណែកនៅស្រុកវ៉ារិន នៅវេលាម៉ោង ៧និង០០នាទី មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យលិចផ្លូវចំនួន ០២កន្លែង នៅក្នុងឃុំស្វាយស ក្នុងនោះ លិចបង្ហៀរ ភូមិឫស្សីតូចប្រវែង ១០ម៉ែត្រ លិចផ្លូវដីក្រហម ភូមិឫស្សីធំ ហូររំលងប្រវែង ១៥ម៉ែត្រ។
បច្ចុប្បន្នជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិននេះ បានស្រកចុះវិញហើយ និងបានហូរទៅបំពេញផ្ទៃរងទឹកភ្លៀងនានាក្នុងតំបន់ដូចជា ស្រះ ប្រឡាយ ស្ទឹង ត្រពាំង ថ្លុក ជាដើម។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ៖ ស្ថានភាពទឹកនេះមិនបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ គឺដោយសារតែភ្លៀងធ្លាក់ខ្លាំងទើបទឹកហូរមិនទាន់ ប៉ុន្តែនៅពេលភ្លៀងរាំង១ថ្ងៃ ទឹកក៏បានហូរអស់ទៅវិញហើយ។
ថ្ងៃនេះក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
– សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២០% ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print