ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានដូចខាងក្រោម៖
-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទីតាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម) ត្រូវបានខ្ញុំ (សម្ដេចតេជោ)ចុះហត្ថលេខាកាត់បញ្ចូលមកក្នុងដែនដីរាជធានីភ្នំពេញ គឺដោយសារកិច្ចព្រមព្រៀងជា មួយអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យសាលាក្ដីនេះ ស្ថិតក្នុងដែនដីនៅភ្នំពេញ ហេតុនេះហើយ បានជាទីតាំងសាលាក្ដីនោះដែលពីមុនស្ថិតនៅក្នុងទឹកដី ខេត្តកណ្ដាលត្រូវបានខ្ញុំ(សម្ដេចតេជោ)ចុះ ហត្ថលេខាកាត់បញ្ចូលមកដែនដីភ្នំពេញវិញ។ សម្ដេចតេជោមានប្រសាសន៍បន្តថា នេះជាប្រវត្តិសាស្ត្រ មួយដែលត្រូវដឹង។
-សម្ដេចតេជោ ថ្លែងស្នើឱ្យមានច្បាប់ ដើម្បីដាក់ទោសលើជនណាដែលនិយាយថា មិនមានរបបប្រល័យពូជសាសន៍ នៅកម្ពុជា។ សម្ដេចតេជោ ថ្លែងបន្តថា សម្ដេចរង់ចាំ ៤៣ឆ្នាំទើបយុត្តិធម៌មួយត្រូវបានផ្ដល់ ជូនប្រជាជនកម្ពុជា។
-សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ថ្លែងរម្លឹកថា នៅអំឡុងការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងសុន្ទរកថារបស់ សម្ដេច, សម្ដេចបានលើកឡើងថា កន្លែងដ៏ស័ក្ដិសមបំផុតរបស់ក្រុមខ្មែរក្រហម គួរនៅតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ មិនគួរស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)នោះទេ។ ការលើកឡើងរបស់ សម្ដេចបែបនេះ ត្រូវបានធ្វើឱ្យជាប់គាំងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានាពេលនោះ។
-សម្ដេចតេជោ ថ្លែងស្នើដល់ប្រទេសមួយចំនួនគួរទទួលស្គាល់កំហុស ចំពោះការទទួលស្គាល់ និងគាំទ្រក្រុមខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា។
-សម្ដេចតេជោ ថ្លែងថា យើងគួរតែអរគុណ ប៉ុល ពត ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដែលធ្វើឱ្យយើងអាចរំលាយអង្គការចាត់តាំងរបស់ ប៉ុល ពត បានតាមរយៈនយោបាយ ឈ្នះ ឈ្នះ។
-សម្ដេតេជោ ថ្លែងរម្លឹកឱ្យដឹងថា នៅមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសមួយចំនួនបានផ្ដល់ទិដ្ឋា ការ(Visa)ការទូតដល់ក្រុមខ្មែរក្រហម ហើយទទួលក្រុមខ្មែរក្រហមដែលបានប្រព្រឹត្តអំពើប្រល័យពូជ
សាសន៍នៅកម្ពុជា ដោយព្រំក្រហម ដែលជាការទទួលភ្ញៀវអន្តរជាតិកម្រិតខ្ពស់ថែមទៀត។
-សម្ដេចតេជោ ថ្លែងរម្លឹកថា អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដម បាន គីមូន អតីតអគ្គលេខាធិការអង្គ ការសហប្រជាជាតិ បានស្នើឱ្យពង្រីកការកាត់ទោសអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ នៅកម្ពុជា រហូតដល់ថ្នាក់ឃុំ។ សម្ដេចតេជោ បានបញ្ជាក់ជូនទៅឯកឧត្ដម បាន គីមូន ថា សម្ដេចសុខ ចិត្តឱ្យតុលាការកូនកាត់ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាមានសង្គ្រាមឡើងវិញនោះទេ។
-សម្ដេចតេជោ ថ្លែងរម្លឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម)បានឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ៣ រូប មុនសម្រេចឱ្យបង្កើតមានឡើង។
-សម្ដេចតេជោ ថ្លែងរម្លឹកថា បើមិនមានការរារាំងពីសម្ដេចនោះទេ នោះតុលាការកាត់ទោសខ្មែរក្រហមនឹងដំណើ រការកាត់ទោសជាបន្តបន្ទាប់លើអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជារហូតដល់ ថ្នាក់ឃុំ និងគ្រប់ទីកន្លែង ដែលធ្វើឱ្យតុលាការនេះដំណើរការមិនចេះចប់ ហើយសហគមន៍អន្តរជាតិនឹងប្រឹងរកលុយដើម្បីជួយដល់ការចំណាយរបស់តុលាការនេះ។
-សម្ដេចតេជោ ថ្លែងរម្លឹកថា សាលក្រមដែលសម្រេចដាក់ទោសលើអតីតមេដឹកនាំខ្មែរក្រហម ដែលបានប្រព្រឹត្ត អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាគោលដៅដែលសម្ដេចចង់បាននូវយុត្តិធម៌មួយសម្រាប់ពលរដ្ឋ កម្ពុជា ហើយក៏ជាការលើកទឹកចិត្តឱ្យសម្ដេចដកខ្លួនចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ។
-សម្តេចតេជោ ថ្លែងថា អំពើហិង្សាក្នុងពេលឃោសនាបោះឆ្នោតនៅកម្ពុជា គឺបានរលាយសាបសូន្យតែម្ដងពីសង្គមកម្ពុជា។
-សម្តេចតេជោ ថ្លែងថា មកដល់ពេលនេះ កម្ពុជាមានសន្ដិភាពជាង ២៥ ឆ្នាំហើយ ដែលអាចឱ្យកម្ពុជាអាចមានលទ្ធភាពម្រមូលអ្វីគ្រប់យ៉ាងដើម្បីអភិវឌ្ឍប្រទេសជាតិ។ ក្នុងន័យនេះកម្ពុជាដាច់ខាតត្រូវតែរក្សានូវសន្ដិភាពនេះឱ្យបាន ដោយមិនឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាឡើយ។
-សម្ដេចតេជោ ថ្លែងទៅកាន់រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការកងទ័ព មេប៉ូលិសជាតិថា កងកម្លាំងមិនអាចមានអព្យាក្រឹត្យ រវាងរដ្ឋាភិបាល និងបក្សនយោបាយទេ។
ក្នុងន័យនេះ កងកម្លាំងត្រូវការពាររដ្ឋាភិបាលរបស់ពលរដ្ឋ មិនមែនត្រូវការពារបក្សនយោបាយណាមួយឡើយ។
-សម្ដេចតេជោ ថ្លែងថា សម្តេចកំពុងតាមដានដីការដែលបញ្ជាឱ្យចាប់ខ្លួន លោក ពូទីន ប្រធានាធិបតីរុស្ស៊ី, មេដឹកនាំអ៊ីស្រាអែល, មេដឹកនាំក្រុមហាម៉ាស់ ថាតើតុលាការអន្តរជាតិ កាត់ទោសអ្នកទាំងនោះ ដើម្បីស្វែងរកយុត្តិធម៌ជូនជងរងគ្រោះបានឬអត់?
-សម្ដេចតេជោ ថ្លែងថា រាល់ការថ្លែងសារនានាក្នុងពេលបច្ចុប្បន្ន គឺលែងមានចរិតបង្គាប់បញ្ជាទៀតហើយ ពោលគឺត្រឹមបានស្នើសុំប៉ុណ្ណោះ។ សម្ដេចអះអាងថា អ្នកដែលអាចបញ្ជាមន្ត្រីរដ្ឋាភិបាលបានលុះត្រា តែជានាយករដ្ឋមន្ត្រី។
-សម្ដេចតេជោ ថ្លែងថា កម្ពុជា បានប្រែខ្លួនពីប្រទេសទទួលកងទ័ពមួកខៀវ ទៅជាប្រទេសដែលបញ្ជូនទ័ពមួកខៀវទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព និងមនុស្សធម៌លើពិភពលោក។
-សម្ដេចតេជោ ថ្លែងរំលេចឱ្យដឹងថា បន្ទាប់ពីសម្រេចជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ នៅអំឡុងចុងឆ្នាំ១៩៩៨ ឃើញថា អំពើហិង្សាដែលតែងកើតមាននៅអំឡុងបោះឆ្នោតត្រូវរលាយសាបសូន្យ។ សម្ដេចតេជោ បញ្ជាក់ថា ការគ្មានអំពើហិង្សានៅអំឡុងបោះឆ្នោតបង្ហាញពីភាពចាស់ទុំនយោបាយ និងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជាផងដែរ។
-សម្ដេចតេជោ ថ្លែងថា បើគ្មានសន្តិភាព គឺគ្មានឡើយការអភិវឌ្ឍ។ សម្ដេចបានចង្អុលឱ្យមើលប្រទេសអ៊ុយក្រែន ដែលជាក់ស្ដែងកំពុងមានសង្គ្រាម តើមានការអភិវឌ្ឍឬអត់?
-សម្ដេចតេជោ ថ្លែងរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៣ មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ ប៉ុន្ដែការប៉ុនប៉ងនេះត្រូវបរាជ័យ គឺដោយសារកម្ពុជាមានអព្យាក្រឹតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។
-សម្ដេចតេជោ ថ្លែងថា សុខភាពរបស់សម្ដេច គឺសម្ដេចមានលទ្ធភាពកាន់តំណែងនាយករដ្ឋមន្ត្រី យ៉ាង ហោច ២ អាណត្តិទៀត។ សម្ដេចបន្ថែមថា ១០ ឆ្នាំ No Problem !
-សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើក្រុមអ្នកច្បាប់សិក្សាពីលទ្ធភាពក្នុងការដាក់ច្បាប់នៅកម្ពុជា ដែលច្បាប់នេះអាចដាក់ទោសចំពោះជនទាំងឡាយណាដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស។
-សម្តេចតេជោ ថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមស្នើអ្នកច្បាប់ទាំងអស់ តើយើងអាចដាក់ច្បាប់នៅប្រទេសកម្ពុជាបានឬអត់សម្រាប់ជនក៏ដោយដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស»។ សម្តេចអះអាងថា ការចង់បានច្បាប់នេះដោយផ្អែកទៅលើដំណើរការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម ដែលបានចេញសាលក្រមបញ្ជាក់ថាកម្ពុជាមានរបបប្រល័យពូជសាសន៍។
-សម្តេចតេជោ ថ្លែងបន្ថែមថា៖«ហេតុអីបានជាខ្ញុំត្រូវហ៊ាននិយាយអ៊ីចឹង ព្រោះសាលក្រមតុលាការមួយដែលចេញថា កម្ពុជាមានរបបប្រល័យពូជសាសន៍ និងមានដំណើរការកាត់ទោសរបបប្រល័យពូជសាសន៍។ អ៊ីចឹង! បើសិនជាតុលាការចេញសាលក្រមបែបនេះបានអះអាងថាកម្ពុជាមានរបបប្រល័យពូជសាសន៍។នៅអឺរ៉ុបក៏មានធ្វើបែបនេះដែរ អ៊ីចឹង!កម្ពុជាគួរមានធ្វើរឿងនេះ»។
-ក្នុងន័យនេះ សម្តេចបញ្ជាក់ថា ការស្នើឱ្យចងក្រងជាច្បាប់នេះមិនមែនជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែដើម្បីចៀសវាងអ្នកនយោបាយមួយចំនួនយកទៅបកស្រាយផ្ទុយពីការពិតដើម្បីផលប្រយោជន៍នយោបាយខ្លួន ប៉ុន្តែប៉ះពាល់ដល់ប្រវត្តិសាស្រ្តកម្ពុជា។
-សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងសង្កត់ធ្ងន់ថា៖«នេះមិនមែនជាការបំផុតស្មារតីធ្វើការសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់បែបនេះ ម្ខាងថ្កោលទោសខ្មែរក្រហម តែម្ខាងទៀតក៏បានថ្កោលទោសចំពោះអ្នកដែលបានផ្តួលរំលំខ្មែរក្រហមដែរ។ អ៊ីចឹង! ខ្ញុំគិតថាល្មមដល់ពេលដែលត្រូវដាក់ច្បាប់ ព្រោះបើមិនអ៊ីចឹងទេពួកអ្នកនយោបាយនៅតែលេងល្បែងនយោបាយដដែលៗដែលធ្វើឱ្យមានច្របូកច្របល់កើតឡើងនៅក្នុងសង្គមរបស់យើង»។
-សម្តេចតេជោ បញ្ជាក់បន្ថែមថា៖ «ដូច្នេះគួរតែមានច្បាប់ បើអ្នកឯងនិយាយថាអត់មានអំពើប្រល័យពូជសាសន៍គឺមានទោសប៉ុន្មាន នេះមិនមែនការហាមឃាត់ការបញ្ចេញទេ ប៉ុន្តែការបញ្ចេញមតិណាដែលគាំពាររបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស»។
-សម្ដេចតេជោ ថ្លែងអំពាវឱ្យរៀនពីប្រវត្តសាស្ត្រចំពោះកំហុស២ដែលបរទេសបង្កើតឡើងលើដីកម្ពុជា បង្កជាវិនាសកម្ម គឺទី១បរទេសគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេច សីហនុ រហូតឈានមានសង្គ្រាមប្រល័យពូជសាសន៍ និងទី២ការគាំទ្ររបស់បរទេសដល់អាសន:របស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងដាក់ទណ្ឌកម្មការទូតលើរដ្ឋាភិបាលស្របច្បាប់ បង្កទុក្ខលំបាកដល់កម្ពុជា៕ដោយ៖ស តារា