ភ្នំពេញ៖ តារាសម្តែងគុណ រាមរតនៈ កំពុងមានទុក្ខជាទម្ងន់ក្រោយពីជីដូនតែម្នាក់របស់លោក បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះក្នុងអាយុ៨៦ឆ្នាំ។ អ្វីដែលកម្សត់នោះគឺជីវភាពរបស់តារាសម្តែង និងក្រុមគ្រួសារទីទលក្រដែលសូម្បីតែលុយសម្រាប់រៀបចំពិធីបុណ្យសពក៏មិនបានសមរម្យនឹងគេដែរ។
លោក គុណ រាមរតនៈបញ្ជាក់ថា លោកយាយរបស់លោកគឺជាមនុស្សចាស់ទុំ និងជាអ្នកមានគុណម្នាក់ប៉ុណ្ណោះបន្ទាប់ពីឪពុកម្តាយលោកដែលស្លាប់អស់រយៈពេលជាយូរមកហើយនោះ។ លោកបន្តថា ដោយសារជីវភាពខ្វះខាតពិធីបុណ្យលោកយាយលោកមិនបានយូរថ្ងៃដូចបុណ្យសពដទៃទេគឺស្លាប់ថ្ងៃទី២៤ និងបូជាថ្ងៃ២៥ខែកក្កដានេះ។ លោកបន្តថា ពិធីបុណ្យធ្វើនៅទឹកដីកំណើត នៅឯស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។ លោកថា លោកយាយលោកមានកូនច្រើននាក់ប៉ុន្តែបានស្លាប់បាត់បង់ជីវិតអស់នៅសល់តែកូន២នាក់ទៀតដែលសុទ្ធតែមានជីវភាពក្រលំបាករស់នៅក្នុងខ្ទមកម្សត់។ លោកថា ពីតូចលោកធ្លាប់ស្នាក់នៅជាមួយជីដូនច្រើនជាងឪពុកម្តាយ ព្រោះតែឪពុកម្តាយលោកតែងឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយក្រោយពីឪពុកម្តាយលោកស្លាប់បាត់បង់ជីវិតទៅលោកត្រូវរស់នៅជាមួយជីដូនហើយបន្តមករកការងារធ្វើនៅភ្នំពេញព្រោះតែគ្មានប្រាក់រៀនបន្ត។ លោកបញ្ជាក់ដែរថា ដោយជីវភាពខ្វះខាតនិងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើបុណ្យនោះគឺមានតែបង្ខំចិត្តលក់ដីស្រែតូចមួយដែលនៅសល់ដើម្បីទូទាត់ថ្លៃចំណាយមួយចំនួនដែលនៅជំពាក់គេ។
លោក គុណ រាមរតនៈ បាននិយាយថាៈ គេមើលមកខ្ញុំថាសប្បាយតែធាតុពិតថ្ងៃខ្លះសឹងតែគ្មានអង្ករហូបផង ខ្ញុំខំធ្វើការទាំងឈឺទាំងជាមិនហ៊ានសម្រាកដើម្បីរកលុយចិញ្ចឹមលោកយាយ តែពេលនេះលោកយាយខ្ញុំស្លាប់ហើយ..!
ទោះជាយ៉ាងណាលោកសប្បាយចិត្តដែលមានមិត្តភក្តិអ្នកក្នុងនិងក្រៅសិល្បៈមួយចំនួនបានលើកទឹកចិត្ត និងជួយចូលបច្ច័យខ្លះដើម្បីដោះស្រាយការលំបាក។ លោកថា ចាប់ពីថ្ងៃនេះទៅសាច់ញាតិជិតដិតបំផុតដែលលោកមានបានចាកឆ្ងាយពីលោកម្នាក់ម្តងៗបន្សល់ឲ្យលោករស់នៅតែលតោលតែឯងជាងរៀងរហូត៕
ដោយ៖ វឌ្ឍនា