យន្តហោះចុះចតលើទឹកប្រភេទAG600ថ្មីអាចជួយដល់ប្រទេសចិនបង្កើនសមត្ថភាពធ្វើសកម្មភាពនិងការពារផលប្រយោជន៍នៅដែនសមុទ្រចិនភាគខាងត្បូង។
សារព័ត៌មានVnExpress បានផ្សាយថា ក្រុមហ៊ុនឧស្សហកម្មអាកាសចរណ៍ចិនAVIC កាលពីថ្ងៃទី២៤ខែកក្កដាបានដាក់បង្ហាញយន្តហោះប្រភេទថ្មីអាចចុះចតនៅលើទឹកសមុទ្របាន។
អគ្គនាយក AVIC លោកGeng Ruguang បានឲ្យដឹងថា យន្តហោះខាងលើអាចធ្វើសកម្មភាពក្នុងរយៈចម្ងាយ៤៥០០គីឡូម៉ែត្រ។ យន្តហោះខាងលើមានតួនាទីពន្លត់ភ្លើងឆេះព្រៃនិងជួយសង្គ្រោះនៅលើសមុទ្រ ។
យន្តហោះAG600 ត្រូវបានគេចាត់ទុកថាជាយន្តហោះចុះចតលើទឹកធំបំផុតលើពិភពលោក។ កន្លងមកយន្តហោះធុនធំបែបនេះបានធ្វើការហោះហើរជាលើកទីមួយនៅឆ្នាំ១៩៤៧។ សារព័ត៌មានស៊ីនហួបានផ្សាយថា យន្តហោះខាងលើមានតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងខួងយកធុនធានធម្មជាតិនៅសមុទ្រ។ យន្តហោះនេះអាចប្រើប្រាស់ក្នុងការតាមដាន និងរុករករ៉ែ ក៏ដូចជាដឹកជញ្ជូនផងដែរ។
យន្តហោះAG 600 នឹងជួយដល់ចិនបង្កើនកម្លាំង និងធ្វើសកម្មភាពនៅសមុទ្រចិនភាគខាងត្បូងប្រកបដោយប្រសិទ្ធិភាព ជាកន្លែងដែលចិនកំពុងតែកសាងកោះសិប្បនិមិ្មត្ត ស្ថិតក្នុងតំបន់សមុទ្រដែលវៀតណាមអះអាងថាក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ក្រៅពីនេះយន្តហោះ AG 600អាចបម្រើទាំងវិស័យយោធានិងស៊ីវិលនៅលើកោះសិប្បនិមិ្មត្ត។
សារព័ត៌មានស៊ីនហួបានផ្សាយថាក្រុមហ៊ុនAVIC ទទួលបានការកម្មង់ឲ្យផលិតយន្តហោះប្រភេទនេះ១៧គ្រឿង ។ រយៈពេលចុះក្រោយនេះចិនបានខិតខំអភិវឌ្ឍន៍វិស័យឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុក ដើម្បីបញ្ចៀសការអាស្រ័យទៅលើក្រុមហ៊ុនធំៗលើពិភពលោកដូចជាក្រុមហ៊ុនAirbus នៅអឺរ៉ុបនិងក្រុមហ៊ុនBoeing របស់អាមេរិក។ ប៉ុន្តែក្រុមអ្នកឯកទេសបានបញ្ជាក់ថាចិនត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាចទទួលបានជោគជ័យនៅក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍។
សារព័ត៌មានAFP បានផ្សាយថា វិស័យឧស្សហកម្មអាកាសចរណ៍របស់ចិន មានភាពរីកចំរើនយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៥និងពាក់កណ្តាលឆ្នាំ២០១៦នេះ ដោយចិនបានធ្វើការសាកល្បងយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរផលិតដោយបច្ចេកវិទ្យាក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍Chengdu Airlines៕
ប្រែសម្រួល៖ ម៉ែវ សាធី