ភ្នំពេញ៖ យោងតាមវីដេអូឃ្លីបគនណី TikTok មួយឈ្មោះ Ah Bong Bro កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញបង្ហោះថា នំប៉័ងបឺហ្គឺ យីហោ TEXAS CHICKEN សាខាផ្សារទំនើបអ៉ីអន មានជ័យ (អ៉ីអន៣) មានដង្កូវនៅក្នុងនំនោះ ប៉ុន្តែមិនដឹងថាដង្កូវដែលនៅក្នុងសាច់ ឬបន្លែនោះទេ?
ជាក់ស្ដែងយោងតាមការរៀបរាប់របស់អតិថិជនដែលចូលចិត្តញុំានំប៉័ងបឺហ្គឺ យីហោ TEXAS CHICKEN ខាងលេីនេះនិយាយថា គាត់បានទៅផ្សារទំនើបអ៉ីអនទី៣ បានដេីរទិញអីវ៉ាន់រួច ក៏បានទៅទិញនំប៉័ងបឺហ្គឺ យីហោមួយនេះ គាត់ប្រញាប់មិនបានញុំានៅទីនោះក៏បានខ្ចប់យកមកផ្ទះ លុះពេលមកដល់ផ្ទះស្រាប់តែប្អូនស្រីរបស់គាត់យកបឺហ្គឺនោះមកញុំាបានពាក់កណ្តាល ស្រាប់តែមានអាការៈក្អួតចង្អោរនិងបានរត់ទៅបន្ទប់ទឹកដេីម្បីក្អួតបន្ត ពេលនោះគាត់ស្រែកសួរប្អូនស្រីថា មានរឿងអ្វីបានជាក្អួតបែបនេះ ភ្លាមនោះប្អូនស្រីរបស់គាត់បានឆ្លេីយថា មានសត្វដង្កូវនៅក្នុងនំបឺហ្គឺនោះ។ ភ្លាមនោះគាត់ក៏បានទៅពិនិត្យមេីល នៅក្នុងនំនោះក៏ប្រទះឃេីញសត្វដង្កូវពិតប្រាកដមែន។
អតិថិជនរូបនេះបានបន្តថា មិននឹកស្មានថាបឺហ្គឺដែលមានឈ្មោះល្បីដែលគាត់អះអាងថាចូលចិត្តញុំា ព្រោះវាឆ្ងាញ់ខុសពីបឺហ្គឺដទៃ បែរជាធ្វេីគ្មានអនាម័យ គ្មានការយកចិត្តទុកដាក់ ដែលនាំអោយប៉ះពាល់សុខភាពអ្នកទិញយកទៅទទួលទាន។
អតិថិរូបនេះ បានបន្ថែមទៀតថា នៅពេលដែលគាត់កំពុងឈររងចាំទិញបឺហ្គឺនោះ មានបងស្រី ប្រុស២នាក់ ដែលកំពុងញុំានៅកន្លែងនោះ បានស្រែកប្រាប់បុគ្គលិកក្នុងហាងថា មានសត្វដង្កូវនៅក្នុងនំបឺហ្គឺ ប៉ុន្តែបុគ្គលិកមិនបានទទួលស្គាល់និងបកស្រាយថា គឺជាសសៃសាច់មាន់ទៅវិញ។
ជាមួយគ្នានេះ អតិថិជនបានអំពាវនាវចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងហាងនំខាងលេីនេះ ក្រោយលេចធ្លាយវីដេអូស្ដែងៗតែម្តង។
គួរជម្រាបជូនថា យោងតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ អ្នកលក់អាហារមានកាតព្វកិច្ចចម្បងក្នុងការធានាថាអាហារមានសុវត្ថិភាព គុណភាព និងសមស្របសម្រាប់មនុស្សទទួលទាន ក៏ដូចជាដោះស្រាយបញ្ហាសុវត្ថិភាពនៅពេលដែលវាកើតឡើង។
កាតព្វកិច្ចបែបនេះអាចត្រូវបានអនុវត្តជាមួយនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់អាជីវកម្មដែលបានរកឃើញថាបានរំលោភលើលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ។ ការពិន័យ គឺចាប់ពី ៥០០,០០០ ដល់ ៨,០០០,០០០ រៀល ឬប្រហែល ១២៣ ដុល្លារ ទៅ ១៩៧០ ដុល្លារ ហើយនឹងត្រូវដាក់លើអាជីវកម្មដែលដំណើរការដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ឬមិនអនុវត្តតាមវិធានអនាម័យដែលកំណត់ដោយមន្ត្រីសាធារណៈ។
ដោយឡែកជុំវិញការលេីកឡេីងតាមរយះវីដេអូឃ្លីបនៅលេីបណ្តាញសង្គម TikTok អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ ចង់ធ្វេីការទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីម្ចាស់ហាង ប៉ុន្តែមិនមានលេខទំនាក់ទំនង ប្រសិនបេីម្ចាស់ហាង ឬក្រុមហ៊ុនចង់បកស្រាយ ខាងអង្គភាពយេីងខ្ញុំរងចាំជានិច្ច៕ដោយ៖តារា