ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានចូលរួមពីក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងអង្គការដៃគូ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាបច្ចេកទេស លោកឧត្តមសេនីយ៍ឯក លឹម តុងហួត សមាជិកជំនួសបានជម្រាបជូនឱ្យដឹងថា តាមឯកសារព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលេីកទី២របស់លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ការប្រើប្រាស់បណ្តាញសង្គម (Social Media)ដើម្បីស្វែងរកដៃគូរួមភេទក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ (Chemsex) ដែលមិនបានបង្ការពីការឆ្លងមេរោគអេដស៍ជាបញ្ហាប្រឈមថ្មីៗមួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងដោយមោទន:ជូនកិច្ចប្រជុំពេញអង្គលើកទី២ថា តាមរយ:ការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស យេីងទទួលបាននូវលទ្ធផលដូចខាងក្រោម៖
ទី១-ការជំរុញអនុវត្តគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។
ទី២-ការអនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥៕ដោយ៖តារា