ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ និងអាវុធខ្លីចំនួន២ដើម រួមទាំងញៀនមួយចំនួនធំ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅ Apartment លេខ៣៧ហ្សេត ផ្លូវ២៦១ហ្សេត ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជាក់ស្តែងនៅ Apartment ខាងលើ បន្ទប់ជាន់ទី១។
លោក ប៉ាន់ សុភាព បានប្រាប់ថា មុនឈានដល់ការចុះឆែកឆេរនិងឃាត់ខ្លួនរួមទាំងវត្ថុតាងខាងលើ គឺកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនបក្ខពួកម្នាក់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៩ទៅ១០យប់ ហើយនាំយកសាកសួរអស់រយៈពេលជិត២០ម៉ោង ទើបជនសង្ស័យព្រមឆ្លើយសារភាព ហើយកម្លាំងជំនាញស្នើសុំបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឆែកឆេរឃើញជាក់ស្តែងតែម្តង។
កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ DJ នៅលីកាសុី មានស្រុកកំណើតភូមិកន្តៀង ឃុំកន្តៀង ស្រុកកន្តៀងក្នុង ខេត្តពោធិ៍សាត់ និង នារីសង្ស័យឈ្មោះ សំ សូនីតា អាយុ១៦ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១០ នៃអនុវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅក្នុងបូរីលឹមឈៀងហ៊ាក់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយដកហូតបានរថយន្ត Lexus GS300 ពណ៌ស ស្លាកលេខភ្នំពេញ 2AC-5515, ម៉ូតូ១គ្រឿង ពាក់ស្លាកលេខ1CY-5112, អាវុធខ្លីចំនួន ២ដើម, គ្រឿងញៀនមួយចំនួនធំ និងឧបករណ៍សម្រាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងឃុំខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស ដារ៉ា