ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៧ នាក់ ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៣ ជិតដល់ការ៉ាស់សាំងភីធីធី (បុរីពិភពថ្មីគម្រោង៣) មុខផ្ទះលេខ០១ ផ្លូវលេខ២៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ខែមិថុនា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន០៩នាក់ ប្រដាប់ដោយ ដាវកែច្នៃចំនួន០២ដើម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០១នាក់ បណ្តាលឱ្យរលាត់សាច់ចេញឈាម នៅចំណុចផ្លូវជាតិលេខ៣ ជិតដល់ការាំរ៉ាស់សាំងភីធីធី (បុរីពិភពថ្មីគម្រោង៣) មុខផ្ទះលេខ០១ ផ្លូវលេខ២៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣ និង ០០នាទី ហើយក្រុមក្មេងទំនើងខាងលើក៏បានកាប់បំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យបែកកាបាំង ម៉ូតូខាងស្តាំ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង០០នាទី កម្លាំងសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ១.ឈ្មោះ សោម រតនា ហៅ បំ ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ សួន មុន្នី ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ យុទ្ធ សុធារិទ្ធមុនី ភេទប្រុស អាយុ១៨ឆ្នាំ ៤ឈ្មោះ ធឿន សុគន្ធដារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំ ៥ឈ្មោះឡូ ភារុណ ភេទប្រុសអាយុ១៨ឆ្នាំ ឯឈ្មោះលិនជីវាំ ភេទប្រុស អាយុ១៨ឆ្នាំ និង៧.ឈ្មោះ ជា ច័ន្ទសុវណ្ណ ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធ នឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា