ក្រុងប៉ោយប៉ែត៖ រឿងរ៉ាវជីវិតស្នេហាលួចលាក់ ផិតក្បត់សាហាយស្មន់ ប្រពន្ធផិតប្ដី ប្ដីលួចមានស្រីក្បត់ប្ដីប្រពន្ធ ចេះតែកើតមានជាហូហែនៅក្នុងសង្គមបច្ចុប្បន្ន កាន់តែធ្វើឲ្យសិលធម៌នៃការរស់នៅធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីបានមកប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្រពន្ធនិងសាហាយស្មន់ ពេលពួកគេកំពុងនៅក្នុងបន្ទប់ជាមួយគ្នា យកមកធ្វើការសាកសួរតាមនីតិវិធី ។ បុរសជាប្ដីស្ត្រីខាងលើបានប្រាប់ថា មួយរយៈខ្លួនចេះតែឆ្ងល់ ហេតុអីប្រពន្ធរបស់គាត់មិនសូវនៅផ្ទះសម្បែង និងទទួលដំណឹងពីអ្នកជិតខាងថា ប្រពន្ធរបស់គាត់តែងតែទៅជួបជាមួយបុរសជាកម្មករយាមឃ្លាំងគីប (ខោអាវជជុះ) នៅចំណុចភូមិបាលិលេយ្ស២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុរសជាប្ដីបន្តថា ពេលបីកូនទៅដល់ទីនោះមុនដំបូងក៏ឃើញស្បែកជើងប្រពន្ធនៅហ្នឹងមុខបន្ទប់ រួចក៏គោះទ្វារប៉ុន្តែអ្នកខាងក្នុងមិនព្រមបើក ក៏បង្ខំចិត្តរុញទ្វារ ឃើញប្រពន្ធនៅជាមួយសាហាយតែ២នាក់ ទើបប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
អ្វីដែលគួរឲ្យរន្ធត់ចិត្ត មិនត្រឹមតែញាតិជិតខាងប៉ុណ្ណោះទេ សូម្បីតែសមត្ថកិច្ចក៏អួលដើម.ក ខណៈនៅកន្លែងកើតហេតុប្ដីបីកូនបណ្ដើរជាមួយនឹងទឹកភ្នែក ហួសចិត្តចំពោះប្រពន្ធផិតក្បត់ និងមិននិយាយស្ដីដឹងតែសម្រក់ទឹកភ្នែករហូតដល់សមត្ថកិច្ចរដ្ឋបាលសង្កាត់ប៉ោយប៉ែតហៅទៅធ្វើការសាកសួរបន្តតាមនីតិវិធី។
អ្នកជិតខាងបានលើកឡើងថា កូននៅតូចក្នុងនាមជាម្ដាយគួណាស់តែយកចិត្តទុកដាក់បីបាច់ថែរក្សាកូន ឲ្យសមជាមេផ្ទះ បើការរស់នៅមិនចុះសម្រុងនឹងគ្នា ត្រូវរកដំណោះស្រាយឬចែកផ្លូវគ្នាដោយសន្តិវិធី ផ្ទុយទៅវិញមកលួចមានសាហាយស្មន់ ក្បត់ប្ដី ទុកកូនអាយុ១ខួបនៅម្នាក់ឯង ប្រុសណាមិនឈឺចាប់ ប្រុសណាមិនយំ បើចិត្តស្រីស្រាលជាងសំឡីបែបនេះ៕
ដោយ៖ វណ្ណា