ខេត្តកណ្តាល៖ បុរសជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កព្យាយាមបើកគេចពីរថយន្តសាមុយបើកបរច្រាស់ទិសគ្នា ជ្រុលចង្កូតទៅបុកគូថម៉ូតូជិះនៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៨នាក់រងរបួសធ្ងន់-ស្រាល ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការចាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។
...
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឹម៉ក ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខព្រៃវែង1C–1703 បើកបរដោយឈ្មោះ ឡេង លាង ភេទប្រុស អាយុ២៧ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិកំពង់ត្រាំង ឃុំកំពង់ត្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ មានអ្នករួមដំនើរជាមួយ៤នាក់ ទី១-ឈ្មោះ ថៃ ប៊ុនរ៉ា ភេទស្រី អាយុ២៥ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះ សុខ ឌី ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) ទី៣-ឈ្មោះ សៀម ផានី ភេទស្រី អាយុ៣៥ឆ្នាំ (របួសស្រាល) និងទី៤-ឈ្មោះ ឌឿន បញ្ញ ភេទប្រុស អាយុ០១ឆ្នាំ (របួសធ្ងន់) ។ ទាំង៤នាក់នេះមានទីលំនៅភូមិកំពង់ត្រាំង ឃុំកំពង់ត្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
ដោយឡែកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ1AS–2947 បើកបរដោយឈ្មោះ គុំ ចំណាន ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសស្រាល) មានអ្នករួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ ឃៀង គន្ធា ភេទស្រី អាយុ២៤ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះ ចំណាន សុរ៉ាម ភេទប្រុស អាយុ២ឆ្នាំ (របួសស្រាល) ។ ទាំង៣នាក់នេះជាប្តីប្រពន្ធនឹងកូន មានទីលំនៅភូមិព្រែកថ្មី ឃុំជយ័ធំ ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូសណ្តោងរ៉ឺម៉កបើកបរតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កព្យាយាមបើកគេចពីរថយន្តសាមុយដែលបើកច្រាស់ទិសគ្នា ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមពីក្រោយពេញមួយទំហឹងបណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវ រីឯរ៉ឺម៉កក្រឡាប់ចាក់មនុស្សចោល រងរបួសធ្ងន់ស្រាលតែម្តង ៕
ដោយ៖ ស្អាងជ័យ
...