លោកបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» នាពេលខ្លីខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា យើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបើក ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មុខទីស្ដីការក្រសួងបរិស្ថាន បានថ្លែងថា នាពេលខ្លីខាងមុខនេះ ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការ ជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើង ទទួលបានភាពស្អាត តាមដងវីថិ និងតាមទីសាធារណៈគ្មានសំរាម ជាពិសេសសំរាមប្លាស្ទិក នៅឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា យុទ្ធនាការ ដែលក្រសួងដាក់ចុះខាងលើ គឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លកនៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ ដើម្បីភាពស្អាត ដែលនឹងទទួវលបាន គឺសម្រាប់រយៈពេលវែង។ កាលបើសិស្សានុសិស្ស យុវជន កម្មករ និងកម្មការិនី គាត់ឈប់ប្រើ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកហើយ កូនគាត់ ចៅគាត់ ក៏ឈប់ប្រើថង់ប្លាស្ទិកជាច្រើនជំនាន់តរៀងទៅ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សរសរស្ដម្ភទីមួយនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរពេញដោយសំរាមពាសវាលពាសកាល ច្បាស់ណាស់ថា ប្រជា-ពលរដ្ឋយើងមិនមានសុខុមាលភាព ហើយក៏មិនមានភ្ញៀវណាម្នាក់ចង់មកលេងផ្ទះយើង ឬប្រទេសយើងនោះដែរ។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៥លានអង្គ/នាក់។

បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយរយៈពេលត្រឹមតែជិត២ខែតែប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួន ៣៨៥ឃុំ/សង្កាត់ ៧៦ក្រុង/ស្រុក/ខណ្ឌ និង១៦រាជធានី/ខេត្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print