ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះថា៖ នៅថ្ងៃនេះខ្ញុំបានប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា សត្វពង្រូលអានាថាមួយក្បាលនេះបានលូនចូលមកផ្ទះរបស់ខ្ញុំកាលពីយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤នេះ ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ ហើយយើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលយូរអង្វែង ពីជំនាន់បច្ចុប្បន្ន តទៅពេលអនាគត របស់ប្រទេសជាតិយើង ៕ដោយ៖តារា